រដ្ឋបាលខេត្តប៉ៃលិន បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ដល់កុមារ និងយុវជន ចាប់ពីអាយុ១២ឆ្នាំ ដល់អាយុ ក្រោម១៨ឆ្នាំ

អត្ថបទដោយ៖
ធី ដា

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ប៉ៃលិន និងជាប្រធានអនុគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌទូទាំងខេត្តប៉ៃលិន ព្រមទាំងក្រុមការងារ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ដល់កុមារ និងយុវជន ចាប់ពីអាយុ១២ឆ្នាំ ដល់អាយុ ក្រោម១៨ឆ្នាំ ចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នេះតទៅ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ស្ថិតក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ថ្លែងក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ កុមារ និងយុវជន នៅមន្ទីរពេទ្យបង្អែកខេត្ត លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ៖ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃនេះ គឺជាការគិតគូរដោយយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា ជូនដល់ក្មួយៗ ដែលជាទំពាំងស្នងឫស្សី ដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រ ការពារប្រឆាំងនឹងជំងឺឆ្លងរាត ត្បាតជំងឺកូវីដ-១៩ ។

លោកជំទាវអភិបាលខេត្ត ក៍បានមានប្រសាសន៍កោតសរសើរ ចំពោះប្រជាពលរដ្ឋ ដែលមានស្មារតីចូលរួមមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលមានចំនួនយ៉ាងច្រើនផុលផុស ទាំងនេះបានបង្ហាញឱ្យឃើញពីជំនឿជឿជាក់របស់ប្រជាពលរដ្ឋយើង មកលើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលសម្ដេចបានខិតខំស្វះស្វែងរកវ៉ាក់សាំង ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ និងមិនមានការរើសអើង រួមទាំងកុមារ និងយុវជនផងដែរ ក្នុងគោលដៅរួមគ្នាប្រយុទ្ធប្រឆាំងនិងបង្ការទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។

ក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់គ្នា បើទោះបីបានចាក់វ៉ាក់សាំងការពាររួចរាល់ហើយក្តី កុំភ្លេចខ្លួន និងមានការធ្វេសប្រហែស ហើយត្រូវបន្តចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការនានារបស់ក្រសួងសុខាភិបាល និងវិធានការណ៍ការពារ ៣.ការពារ៣.កុំ របស់សម្តេចតេជោ ហ៊ុនសែន ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង។

ប្អូនៗកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ ឆ្នាំដល់ក្រោម ១៨ឆ្នាំដែលមកទទួលវ៉ាក់សាំងនាពេលនេះ បានថ្លែងអំណរគុណដល់សម្ដេចដែលយកចិត្តទុកដាក់តាំងពីដល់សាលារៀនដល់ពួកគាត់បានរៀនសូត្របានចំណេះដឹងផ្ដល់សុខសន្តិភាពជាពិសេសពេលប្រទេសជាតិកំពុងតែជួបហានិភ័យចំពោះមេរោគដ៏កាចសាហាវគឺជំងឺ កូវីដ១៩សម្ដេចបានផ្ដល់វ៉ាក់សាំងជូនពួកគាត់ទៀតដោយមិនរើសអើងពូជសាសន៍ឬស្រទាប់វណ្ណៈអ្នកមានអ្នកក្រនោះទេគឺតម្លាភាព ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner