អភិបាលខេត្តកំពត អញ្ជើញពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសទី៣ ជូនអតីតយុទ្ធជន កងទ័ព និងក្រុមគ្រួសារ នៅមន្ទីរពេទ្យបង្អែកខេត្ត និងនៅបញ្ជាការដ្ឋានតំបន់សឹករងកំពត
នៅរសៀលថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចុះពិនិត្យសកម្មភាពនៃដំណើរការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ដូសទី៣ ឬ (ដូសជំរុញ) ប្រភេទ អាស្ត្រាហ្សេនីកា
ជូនអតីតយុទ្ធជន និងកងទ័ព ព្រមទាំងក្រុមគ្រួសារ ដែលកម្មវិធីនេះបានធ្វើឡើងនៅមន្ទីរពេទ្យបង្អែកខេត្ត និងនៅក្នុងទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពត សរុបចំនួន ៤.២៣៨ នាក់ ឱ
ឯកឧត្តម អភិបាលខេត្ត ជាវ តាយ បាន ថ្លែងអំណរគុណកោតសរសើរ ដល់ក្រុមគ្រូពេទ្យ ទាំងស៊ីវិល និងយោធា ដែលបានយកចិត្តទុកដាក់ បំពេញតួនាទីភារកិច្ច របស់ខ្លួន ក្នុងការរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដែលជាជំងឺឆ្លងសកល ។
ឯកឧត្តម ថ្លែងថា សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចទាំងពីរតែងតែ យកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់កងទ័ព ក៏ដូចជាបងប្អូន ក្រុមគ្រួសារ អតីតយុទ្ធជនមិនដែលភ្លេចម្ដងណាឡើយ ។
ឯកឧត្តមអភិបាលខេត្ត បន្តថា បើទោះបីបច្ចុប្បន្នកម្ពុជាយើង ក៏ដូចជានៅក្នុងខេត្តកំពតការឆ្លងជំងឺកូវីដ១៩ មានការថយចុះយ៉ាងណាក្ដី ឯកឧត្តមក៏បានអំពាវនាវ ផ្ដាំផ្ញើពិសេសកងកម្លាំង និងក្រុមគ្រួសារអតីតយុទ្ធជនដែលបានទទួលការចាក់វ៉ាក់សាំងដូសទី៣នេះ សូមបងប្អូន បន្តយកចិត្តទុកដាក់ អនុវត្តនូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន គឺការអនុវត្តវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ដើម្បីយើងរួមគ្នាទប់ស្កាត់ការឆ្លង រាលដាល នៃជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។
សូមបញ្ជាក់ថា តាមការសម្រេចដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ជូនវ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ ប្រភេទ អាស្ត្រាហ្សេនីកា ដូសទី៣ ឬដុសជំរុញសម្រាប់ខេត្តកំពត ដើម្បីធ្វើការចាក់ជូនបងប្អូននិងក្រុមគ្រួសារអតីតយុទ្ធជនខេត្តកំពត ៕Sila Sarin