ប្រជាពលរដ្ឋជាង ៩លាន ៣សែននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៩សីហាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៩លាន៣សែន៨ម៉ឺន៨ពាន់៧៣៥នាក់ហើយ។ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៧លាន៦សែន៦ម៉ឺន២ពាន់២៦៣នាក់។ ចំណែកការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យចន្លោះពី១២ទៅ១៨ឆ្នាំ ក្នុងរយៈពេល១៩ថ្ងៃចាក់បាន៧៧ម៉ឺន៦ពាន់៥៩៨នាក់ ស្មើនឹង៣៩,៤៨%នៃអ្នកដែលត្រូវចាក់ជិត២លាននាក់។
ដោយឡែក របាយការណ៍ក្រសួងការពារជាតិបានឲ្យដឹងថា ការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស១លាន៣សែន៦៥ម៉ឺន៣៣៣នាក់ ក្នុងនោះបានចាក់លើកទី២រួច មានចំនួន១លាន២សែន៩ម៉ឺន៦ពាន់៦៧៨នាក់។
យោងតាមក្រសួងសុខាភិបាល គិតមកដល់បច្ចុប្បន្ននេះ ក្នុងចំណោមប្រជាជនសរុបជាង១៦លាននាក់នៅទូទាំងប្រទេស មានប្រជាពលរដ្ឋប្រមាណ៥៨,៦៨%ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ ។ រីឯការចាក់ដូសទី៣ ឬដូសជម្រុញវិញ គិតមកដល់ថ្ងៃទី១៩សីហាឆ្នាំ២០២១ ចាក់បានចំនួន៣៩ម៉ឺន១ពាន់៤០១នាក់។