ស្រូវវស្សាជាច្រើនហិកតា នៅស្រុកក្រឡាញ់ ខេត្ដសៀមរាប បានគ្រៀមស្វិត ហើយប្រឈមងាប់ដោយសារអត់ទឹកស្រោចស្រប់
សៀមរាប ៖ ស្រូវវស្សាជាច្រើនហិកតា នៅក្នុងស្រុកក្រឡាញ់ ខេត្ដសៀមរាប បានគ្រៀមស្វិត ប្រឈមនឹងងាប់ ខណៈខ្វះទឹកភ្លៀងស្រោចស្រព និងមិនមានប្រភពទឹកបញ្ចូលស្រែ ។
កសិករមួយរូបនៅភូមិគោកល្ហុង ឃុំស្រណាល ស្រុកក្រឡាញ់ លោក រា រិ បានឱ្យដឹងនៅថ្ងៃទី១៩ ខែសីហានេះថា ស្រូវវស្សារបស់លោកមានជាង ២ហិកតា ហើយបានគ្រៀមស្វិតរយៈពេលជាច្រើនថ្ងៃមកហើយ ដោយសារអត់ទឹកភ្លៀង ខណៈដែលនៅតំបន់នោះក៍គ្មានប្រភពទឹកប្រឡាយបញ្ចូលស្រែដើម្បីសង្គ្រោះជីវិតស្រូវនោះដែរ ។ លោកបានបន្ដថា ស្រូវដែលក្រៀមស្វិតនេះ អាចនឹងងាប់ក្នុងរយៈពេលខ្លីខាងមុខ បើសិនគ្មានភ្លៀងធ្លាក់ទេនោះ ។ ការបាត់បង់ស្រូវស្រែនេះ នឹងធ្វើឱ្យប្រជាកសិករជួបការលំបាក ខណៈដែលជំងឺកូវីដ១៩កំពុងយាយីសុខភាពប្រជាពលរដ្ឋផងដែរ ហើយកាន់តែធ្វើឱ្យប្រជាពលរដ្ឋនៅតំបន់នោះធ្វើចំណាកស្រុកបន្ថែមទៀត ។ លោកថាស្រូវវស្សាប្រជាកសិករ កាលពីឆ្នាំមុនមិនមានក្រៀមស្វិតដូចឆ្នាំនេះនោះទេ ដោយគ្រាន់តែរាំងស្ងួតរយៈពេលខ្លីប៉ុណ្ណោះ ដែលផ្ទុយពីឆ្នាំ២០២១នេះ មានគ្រោះរាំងស្ងួតរយៈពេល ២ខែមកហើយ ។
លោក ឡុក វួន មេឃុំស្រណាល ស្រុកក្រឡាញ់ មានប្រសាសន៍ថា ស្រូវវស្សាដែលកំពុងក្រៀមស្វិតនៅឃុំរបស់លោកមានប្រមាណពី ១៥០០ហិកតាទៅ២ពាន់ហិកតា ។លោកថា គ្រោះរាំងស្ងួតខ្លាំងដែលធ្វើអោយស្រូវស្វិតស្រពោននោះ ចាប់ពីចុងខែកក្កដាកន្លងមកនេះ ។ លោកបន្ថែមថា នៅតំបន់នោះប្រជាកសិករធ្វើស្រែរំពឹងលើទឹកភ្លៀងហើយបើគ្មានភ្លៀងធ្លាក់ទេគឺស្រូវនោះ មានតែងាប់ប៉ុណ្ណោះ ព្រោះគ្មានប្រភពទឹកដែលអាចនាំបញ្ចូលស្រែកសិករបានឡើយ។
លោកស្រី ម៉ននី រងី្ស អភិបាលនៃគណៈអភិបាលស្រុកក្រឡាញ់ មានប្រសាសន៍ថា ផល់ប៉ះពាល់ស្រូវដែលជួបគ្រោះរាំងស្ងួតនោះ មានចំនួន ៣ឃុំស្មើរនឹង ១៤ភូមិ ប៉ុន្ដែស្រូវនោះមិនខូចធ្ងន់ធ្ងរនោះទេ ដោយបណ្ដូលកណ្ដាលរបស់វានៅពណ៌ខៀវនៅឡើយ ជារួមស្រូវនេះវាកំពុងលូតលាស់ ។ លោកស្រីថា ស្រូវស្រពោននេះ បើក្នុងរយៈពេល ១៥ថ្ងៃមិនមានភ្លៀងធ្លាក់ទេ វាអាចខូចខាតទាំងស្រុង ប៉ុន្ដែលោកស្រីថាមានតែជិត ១ពាន់ហិកតាប៉ុណ្ណោះ ៕