រដ្ឋបាលខេត្តរតនគិរី ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ.១៩ ចំនួន ៣៨នាក់បន្ថែមទៀត
អត្ថបទដោយ៖
Kien Sereyvuth
ខេត្តរតនគិរី ៖ បន្ទាប់ពីមានការផ្ទុះរីករាលដាលក្នុងសហគមន៍ ក្នុងភូមិសាស្ត្រខេត្តរតនគិរី កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ពាក់ព័ន្ធព្រឹត្តិការណ៍ ២០កម្ភៈ កន្លងមក ខេត្តរតនគិរី នៅតែបន្តរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ.១៩។
ជាក់ស្ដែងនៅល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តរតនគិរី បានប្រកាសពីការរកឃើញមនុស្សចំនួន ៣៨នាក់ បន្ទាប់ពីក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានបើកការធ្វើតេស្តរហ័ស បន្តរកឃើញអ្នកវិជ្ជមានកូវីដ.១៩ ក្នុងចំណោមមនុស្ស ៧៧៧នាក់។
ក្នុងសេចក្ដីប្រកាសព័ត៌មាន រដ្ឋបាលខេត្តរតនគិរី បានបញ្ជាក់ថា អ្នកវិជ្ជមានជំងឺកូវីដ.១៩ ដែលទើបរកឃើញថ្មីនេះ ធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ.១៩ ដែលបានរកឃើញនាពេលកន្លងមក ហើយអាជ្ញាធរខេត្តតម្រូវឲ្យបុគ្គលទាំងនោះ មកធ្វើតេស្ដសំណាក និងមួយចំនួនទៀត មានអាការៈមិនស្រួលខ្លួន បានស្ម័គ្រចិត្តមកធ្វើតេស្ដសំណាក ដោយខ្លួនឯង។
បើទោះជាយ៉ាងណាក្តី រដ្ឋបាលខេត្តរតនគិរី បន្ដអំពាវនាវដល់សាធារណជនទាំងអស់ ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមាន ដែលបានរកឃើញកន្លងមក សូមស្ម័គ្រចិត្តធ្វើតេស្ដសំណាក ឬដាក់ខ្លួនឲ្យនៅដោយឡែកពីអ្នកដទៃ ព្រមទាំងតាមដានសុខភាពជាប្រចាំ ក្នុងករណីមានការសង្ស័យសូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់ ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ នៅក្នុងខេត្តរតនគិរី រកឃើញអ្នកវិជ្ជមានកូវីដ.១៩ សរុបចំនួន ៩៦៦នាក់ ករណីដែលតា(Delta ចំនួន ១០នាក) អ្នកជាសះស្បើយចំនួន ៦៩០នាក់ និងស្លាប់ ៧នាក់ផងដែរ ៕ ដោយ គតិ យុត្ត


