អគារមជ្ឈមមណ្ឌល ប្រមូលផ្តុំកសិផលរបស់សហគមន៍ កសិកម្ម សាមគ្គីមនោរម្យ ដែលជាជំនួយឧបត្ថម្ភរបស់គម្រោងគូសាណូនិ នៃស្ថានទូតជប៉ុន បានចេញជារូបរាងហើយ

អគារមជ្ឈមណ្ឌលស្តុបបន្លែផ្លែឈើតាមស្តង់ដារជប៉ុន  ដែលចំណាយថវិកាប្រមាណជាង៤ម៉ឺនដុល្លារ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ និងដាក់ឲ្យសហគមន៍ផលិតបន្លែផ្លែឈើខេត្តមណ្ឌលគិរី ប្រើប្រាស់ជាផ្លូវការ ដើម្បីរក្សាគុណភាពបន្លែផ្លែឈើធម្មជាតិ ផ្គត់ផ្គង់ដល់អ្នកទទួលទិញ និងអតិថិជនតាមគោលដៅផ្សេងៗ។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានថ្លែងឲ្យដឹងថា អគារមជ្ឈមណ្ឌលប្រមូលផ្ដុំកសិផល និងកន្លែងស្តុកត្រជាក់នេះ គឺជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ។ អគារនេះអាចជួយសម្រួលដល់បងប្អូនប្រជាកសិករ ដែលផលិតបន្លែផ្លែឈើតាមបែបធម្មជាតិ អាចរក្សាទុកផលិតផលរបស់ពួកគាត់ បានរយៈពេលយូរ ដើម្បីធ្វើការផ្គត់ផ្គង់ទៅដល់ទីផ្សារសំខាន់ៗ ដែលទទួលទិញនៅក្នុងប្រទេសកម្ពុជា។

អគារមជ្ឈមណ្ឌលនេះ អាចឱ្យបងប្អូនប្រជាកសិករធ្វើការលាងសម្អាតបន្លែផ្លែឈើ និងរៀបចំទុកដាក់ឱ្យមានរបៀប និងមាមសណ្ដាប់ធ្នាប់ រួមទាំងមានបន្ទប់សម្រាប់ធ្វើការក្លាស្សេរក្សាគុណភាពបានយូរ។

លោក សុង ឃាង បានបញ្ជាក់ថា បច្ចុប្បន្ននៅខេត្តមណ្ឌលគិរី មានសហគមន៍ទាំងអស់ចំនួន ៣៨សហគមន៍ ដែលកំពុងផលិតបន្លែធម្មជាតិ ដោយក្នុងមួយថ្ងៃគាត់អាចធ្វើការប្រមូលបន្លែបង្ការ ប្រមាណជិតមួយតោន សម្រាប់ផ្គត់ផ្គង់ទៅដល់អតិថិជន។ ការសាងសង់អគារមជ្ឈមណ្ឌល សម្រាប់ស្តុបបន្លែផ្លែឈើនេះគឺមានប្រយោជន៍ខ្លាំងណាស់ នៅពេលដែលបន្លែផ្លែឈើរបស់ប្រជាកសិករ មិនអាចលក់អស់ នៅក្នុងរយៈពេលឆាប់ គឺអាចយកមករក្សាទុកនៅទីនេះដោយមានបរិក្ខារសម្ភារ និងការរៀបចំទុកដាក់ស្របទៅតាមស្តង់ដារគុណភាពខ្ពស់ ក្នុងរយៈពេលយូរសម្រាប់ធ្វើការផ្គត់ផ្គង់នៅពេលក្រោយ៕ពលៈ

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner