កូវីដធ្វើឱ្យមានកំណើនយុទ្ធនាការផ្សព្វផ្សាយ IPO និងមូលបត្របំណុលតាមប្រព័ន្ធវីដេអូ
តម្លៃរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិប្រេស៊ីល VTex កើនដល់ ៣,៥ ប៊ីដុល្លារនៅក្នុងការចុះបញ្ជីជាសាធារណៈកាលពីខែមុន បន្ទាប់ពីនាយកប្រតិបត្តិនិងធនាគាររបស់ខ្លួន បានទាក់ទាញវិនិយោគិននៅក្នុងកិច្ចប្រជុំជាង ៥០ តាមប្រព័ន្ធវីដេអូ ក្រោយការតាំងបង្ហាញ ឬយុទ្ធនាការផ្សព្វផ្សាយដោយផ្ទាល់ជុំវិញពិភពលោកដែលត្រូវចំណាយដើមទុនច្រើន ត្រូវបានផ្អាកដោយសារតែជំងឺរាតត្បាតកូវីដ១៩។
ក្រុមហ៊ុនហិរញ្ញវត្ថុលក់ភាគហ៊ុន និងប័ណ្ណបំណុលធំៗនិយាយថា បន្ទាប់ពីវីរុសកូរ៉ូណាវាយលុក ការស្វែងរកការបង្កើនដើមទុនជុំវិញពិភពលោករបស់ខ្លួនត្រូវបានបញ្ចប់ ឬពន្យារពេលភ្លាមៗ ប៉ុន្តែផ្ទុយទៅវិញ ធនាគារិក វិនិយោគិន និងសូម្បីតែនាយកប្រតិបត្តិក្រុមហ៊ុនខ្លះ ហាក់ដូចជាមានភាពកក់ក្តៅចំពោះវិធីថ្មីក្នុងការធ្វើប្រតិបត្តិការរបស់ខ្លួន។
ជាទូទៅ កិច្ចព្រៀមព្រៀងតាមអ៊ីនធឺណិត ឬតាមប្រព័ន្ធវីដេអូ ត្រូវចំណាយទុនតិចហើយរហ័ស ដោយនាយកប្រតិបត្តិសាជីវកម្មមិនចាំបាច់ចំណាយពេល ឬលុយច្រើនធ្វើដំណើរដើម្បីជួបជាមួយវិនិយោគិនដែលមានសក្តានុពលនោះទេ ដូចករណីរបស់ក្រុមហ៊ុន VTex ជាឧទាហរណ៍ស្រាប់។
លោកស្រី Chris Israelski មន្រ្តីទំនាក់ទំនងនៅទីភ្នាក់ងារ Imagination ដែលធ្វើការលើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) បានពិពណ៌នាអំពីផលពិបាកពីការដាក់បង្ហាញដោយផ្ទាល់ថា៖ «អ្នកត្រូវធ្វើដំណើរជាមួយក្រុមអ្នកគ្រប់គ្រងទាំងផ្នែកដឹកជញ្ជូន និងផលិតកម្ម ហើយត្រូវធ្វើដំណើរទៅមុខគេដើម្បីប្រាកដថាមិនមានបញ្ហាជាមួយសណ្ឋាគារ រថយន្ត ឬអ្វីដូចនោះទេ»។
លោកស្រីបន្ថែមថា ក្រោយមកក្នុងឆ្នាំ ២០១២ នៅពេលដែលក្រុមហ៊ុន Facebook បើកលក់ភាគហ៊ុនរបស់ខ្លួនទៅកាន់សាធារណជនជាលើកដំបូង គឺជាពេលដែលមានការតាំងបង្ហាញតាមប្រព័ន្ធវីដេអូស្រួលបួលជាងមុន ជំនួសឱ្យការដាក់បង្ហាញដោយផ្ទាល់។
ចាប់តាំងពីពេលនោះមក មានក្រុមហ៊ុនជាច្រើនបានវិនិយោគលើការធ្វើបទបង្ហាញតាមអ៊ីនធឺណិត ប៉ុន្តែតម្លៃផលិតកម្មទ្រង់ទ្រាយធំសម្រាប់ការចាប់ផ្តើមជាសាធារណៈរបស់ក្រុមហ៊ុនចិន Tencent Music Entertainment ក្នុងឆ្នាំ ២០១៨ ជាមួយនឹងការធ្វើបទបង្ហាញដោយផ្ទាល់ ពីនាយកប្រតិបត្តិនៅជុំវិញពិភពលោក មិនបានផ្អាកទាំងស្រុងទេរហូតដល់ខែមីនា ឆ្នាំ២០២០ ។
លោកស្រី Israelski ដែលប្ដូរពីអ្នកភស្តុភារសកលទៅគ្រប់គ្រងខាងការផលិតវីដេអូនិយាយថា៖ «វាបានផ្លាស់ប្តូរយ៉ាងខ្លាំងតាំងពីមុនពេលមានជំងឺរាតត្បាត ប៉ុន្តែវាកាន់តែលឿនជាងមុនឥឡូវនេះ»។
សម្រាប់ធនាគារនានា ការដាក់បង្ហាញតាមប្រព័ន្ធវីដេអូអាចសន្សំសំចៃថ្លៃដើម ដោយក្រុមហ៊ុនត្រូវចំណាយតិច។ លោក Pierre Lapomme ប្រធានទីផ្សារមូលធនអាមេរិកនៅ BNP Paribas ក្នុងក្រុងញូវយ៉កនិយាយដោយសម្ដៅលើការដាក់បង្ហាញដោយផ្ទាល់ថា៖ «វាត្រូវចំណាយច្រើនណាស់ពីមុនមក»។
បើតាមធនាគារិក សូម្បីតែការដាក់បង្ហាញដែលគ្មានត្រូវការអ្វីច្រើន ក៏ត្រូវចំណាយប្រាក់រាប់សែនដុល្លារ។ លោកស្រី Israelski និយាយថាគ្រាន់តែសំបុត្រយន្តហោះមួយអាចស្មើនឹងមួយលានដុល្លារ ដោយលោកស្រីសំអាងលើការចំណាយលើកិច្ចខិតខំប្រឹងប្រែងទីផ្សារកាន់តែល្អិតល្អន់។
កំណើននៃការដាក់បង្ហាញតាមប្រព័ន្ធវីដេអូ ក៏កាត់បន្ថយពេលវេលាដែលក្រុមហ៊ុនត្រូវការដើម្បីទទួលបានទាំងទីផ្សារហ៊ុន និងទីផ្សារបំណុលកើនឡើងលើបន្ទាត់។ សម្រាប់ការផ្តល់ហិរញ្ញប្បទានបំណុលដែលមានទម្រង់ខ្ពស់ដូចជាការទិញភាគហ៊ុនដែលគាំទ្រដោយភាគហ៊ុនឯកជន អ្នកគ្រប់គ្រងជាន់ខ្ពស់ប្រហែលជានឹងធ្វើដំណើរទៅទីក្រុងធំៗ រហូតដល់ ១០ ថ្ងៃ មុនពេលត្រឡប់ទៅការិយាល័យរបស់ខ្លួនវិញដើម្បីបិទកិច្ចព្រមព្រៀង។
យ៉ាងណាមិញ លោក Lapomme និយាយថា៖ «អ្វីដែលយើងមិនមានក្នុងការដាក់បង្ហាញតាមប្រព័ន្ធឌីជីថលគឺជាភាសារាងកាយ»។ លោកថា ការផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុនដែលមានការប្រកួតប្រជែងជាពិសេស អ្នកផ្ដល់ប្រាកដជាចង់ជួបស្គាល់ក្រុមគ្រប់គ្រងដោយផ្ទាល់ មុននឹងឱ្យលុយខ្ចី។
លោកស្រី Israelski និយាយថា នាយកប្រតិបត្តិខ្លះមានគម្រោងវិលត្រឡប់មកចូលរួមការបង្ហាញដោយផ្ទាល់ ប៉ុន្តែអ្នកក្នុងវិស័យនេះជាច្រើន រំពឹងថាវានឹងមានទំហំតូចជាង និងមានគោលដៅឆ្ពោះទៅរកការបង្កើនលទ្ធផលប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ លោកស្រីនិយាយថា៖ «វាតែងតែមានមនុស្សដែលគិតថា ការបង្ហាញដោយផ្ទាល់ អាចទាក់ទាញមនុស្សច្រើនជាង ឬថាក្រុមហ៊ុនឬផលិតផលរបស់ខ្លួនប្រហែលជាល្អជាងក្នុងការដាក់បង្ហាញដោយផ្ទាល់»។

ប្រភព៖ FT