ចក្រភពអង់គ្លេស៖ ចិន និងរុស្សីត្រូវការចាំបាច់សម្រាប់ «ឥទ្ធិពលបន្ធូរបន្ថយ» លើតាលីបង់

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អង់គ្លេស​លោក​ដូមីនិក រ៉ាប​បាន​និយាយ​ថា​ទីក្រុង​ឡុងដុង​ត្រូវ​តែ​ងាក​ទៅ​រក​រុស្ស៊ី និង​ចិន​ដើម្បី​អនុវត្ត​ «ឥទ្ធិពល​បន្ធូរ​បន្ថយ​» លើ​ក្រុម​ឧទ្ទាម​តាលីបង់​ បើ​ទោះ​បី​ជា​មាន​ការ​មិន​ទុក​ចិត្ត​គ្នា​រវាង​ចក្រភពអង់គ្លេស និង​រដ្ឋាភិបាល​ទាំង​នោះ​ក៏​ដោយ​។

លោក​រ៉ាប​បាន​ប្រាប់​កាសែត​ The Sunday Telegraph ថា​៖ «យើង​នឹង​ត្រូវ​នាំ​ប្រទេស​ដែល​មាន​ឥទ្ធិពល​បន្ធូរ​បន្ថយ​ដូចជា​ចិន​ និង​រុស្សី​ជា​ដើម បើ​ទោះ​បី​ជា​យើង​មិន​ពេញ​ចិត្ត​ក៏​ដោយ​»​។

ការ​ត្រឡប់​មក​កាន់​អំណាច​របស់​តាលីបង់​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ បាន​ធ្វើ​ឱ្យ​ប្រទេស​លោក​ខាង​លិច​មាន​ការ​ព្រួយបារម្ភ​ថា​នឹង​មាន​ការ​ត្រឡប់​មក​វិញ​នៅ​ជំនឿ​ជ្រុល​និយម ​រួម​ជា​មួយ​ការ​រំលោភ​សិទ្ធ​មនុស្ស​ និង​សិទ្ធ​ស្ត្រី​។ ​អ្នក​វិភាគ​ជា​ច្រើន​បាន​គិត​ថា​ប្រទេស​ចិន​ និង​រុស្សី​អាច​ប្រើប្រាស់​ឥទ្ធិពល​របស់​ពួកគេ​ដើម្បី​ធ្វើ​ឱ្យ​ក្រុម​តាលីបង់​បន្ធូរ​បន្ថយ​ភាព​ជ្រុល​និយម​របស់​ពួកគេ​ ដែល​ជា​អ្វី​លោក​ខាង​លិច​បាន​បរាជ័យ​។

ប៉ុន្តែ​កិច្ច​សហប្រតិបត្តិការ​រវាង​ចក្រភព​អង់គ្លេស​ និង​ប្រទេស​ទាំង​ពីរ​អាច​នឹង​មាន​ការ​លំបាក​។

ថ្មី​ៗ​នេះ​អង់គ្លេស​និង​ចិន​មាន​ភាព​មិន​ចុះ​សម្រុង​គ្នា​លើ​បញ្ហា​ផ្សេង​ៗ​រួម​ទាំង​ទីក្រុង​ហុងកុង និង​ការ​ចោទ​ប្រកាន់​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​លើ​ជនជាតិ​ភាគតិច​អ៊ុយហ្គ័រ​នៅ​តំបន់​ស៊ីនជាំង​។

ទំនាក់​ទំនង​របស់​អង់គ្លេស​ជា​មួយ​រុស្ស៊ី​មាន​ភាព​តានតឹង​តាំង​ពី​ឆ្នាំ​២០១៤​ បន្ទាប់​ពី​រុស្សី​កាត់​យក​ឧបទ្វីប​គ្រីមៀរ​របស់​ប្រទេស​អ៊ុយក្រែន​។ ភាព​តានតឹង​បាន​កើន​ឡើង​បន្ថែម​ទៀត​កាល​ពី​ឆ្នាំ​២០១៨ ដោយ​សារ​ការ​ប៉ុនប៉ង​បំពុល​អតីត​ភ្នាក់ងារ​ចារកម្ម​សម្ងាត់​រុស្សី​លោក​ Sergei Skripal ដែល​បាន​ក្បត់​រុស្សី​ហើយ​បាន​ផ្ដល់​ព័ត៌មាន​សម្ងាត់​ឱ្យ​ទីភ្នាក់ងារ​ចារកម្ម​អង់គ្លេស​ ដែល​ជួយ​ក្នុង​ការ​ចាប់​ខ្លួន​ភ្នាក់ងារ​ចារកម្ម​រុស្សី​រាប់​រយ​នាក់​។ ថ្មី​ៗ​នេះ​អង់គ្លេស​បាន​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​ប្រទេស​អ៊ុយក្រែន​ ហើយ​បាន​ប្រឈម​ដាក់​គ្នា​ដោយ​ផ្ទាល់​ជា​មួយ​រុស្សី​នៅ​តំបន់​សមុទ្រ​ខ្មៅ​៕

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner