បេក្ខជនសំខាន់ម្នាក់ ដកខ្លួនចេញពីការបោះឆ្នោតរបស់ក្រុមមេធាវីហុងកុង ដោយសារការព្រួយបារម្ភសុវត្ថិភាព

ហុងកុង​៖​ សមាជិក​ក្រុម​ប្រឹក្សា​នៃ​ក្រុម​មេធាវី​ដ៏​ជំនាញ​ម្នាក់​នៅ​ទីក្រុង​ហុងកុង​កាល​ពី​ថ្ងៃ​សៅរ៍​ បាន​​ដក​បេក្ខភាព​របស់​ខ្លួន​ចេញពី​​ការ​បោះឆ្នោត​ឡើង​វិញ​នៅ​សប្តាហ៍​ក្រោយ​ ដោយ​លើក​ឡើង​ពី​ការ​ភ័យ​ខ្លាច​ចំពោះ​សុវត្ថិភាព​ផ្ទាល់ ​និង​គ្រួសារ​​ ខណៈ​ពេល​ដែល​អង្គភាព​នេះ​​ធ្វើ​របាយការណ៍​​​អំពី​ «​សារ​គំរាម​កំហែង​»​។​

លោក​មេធាវី​ Jonathan Ross ​​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដោយ​មិន​បញ្ជាក់​ពី​ហានិភ័យ​អ្វី​ថា​៖​ «​ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ និង​គ្រួសារ​​ ខ្ញុំ​សូម​ប្រកាស​ដក​ឈ្មោះ​ខ្ញុំ​ចេញ​ពី​បេក្ខភាព​។​ ​ វា​ជា​ថ្ងៃ​គួរ​ឱ្យ​អាម៉ាស់​ និង​សោក​ស្តាយ​មួយ​សម្រាប់​ទី​ក្រុង​ហុងកុង​ ដែល​ការ​បោះឆ្នោត​សម្រាប់​ក្រុម​ប្រឹក្សា​នៃ​ស្ថាប័ន​កិត្តិយស​របស់​យើង​ បាន​ឈាន​ដល់​កម្រិត​នេះ​»​។​

ទាក់​ទង​នឹង​រឿង​នេះ ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ថា​៖​ «​អ្នក​ណា​ដែល​មាន​ហេតុផលជឿ​​​ថា​សុវត្ថិភាព​របស់​ខ្លួន​ត្រូវ​បាន​គំរាម​កំហែង​ អាច​ទាក់​ទង​ប៉ូលីស​ដើម្បី​សុំ​ជំនួយ​»​។​​

ការ​បោះឆ្នោត​សមាគម​ច្បាប់ ​ដែល​ជា​ស្ថាប័ន​អាជីព​និង​និយតករ​សម្រាប់​មេធាវី​ចំនួន​ ១២ ០០០ ​នាក់​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ​នេះ​ ខណៈ​អ្នក​រិះគន់​និយាយ​ថា​ ប្រព័ន្ធ​ច្បាប់​នៅ​ហុងកុង​ប្រឈម​នឹង​សម្ពាធ​ពី​ច្បាប់​សន្តិសុខ​ជាតិ​ដែល​ដាក់​ដោយ​ប្រទេស​ចិន​។​ បើ​ទោះ​បី​ជា​មន្រ្តី​ក្រុង​ហុងកុង​ និង​ប៉េកាំង​ បាន​ច្រាន​ចោល​ការ​ព្រួយ​បារម្ភ​ទាំង​នេះ​ក៏​ដោយ​ ការ​ស្ទង់​មតិ​នានា​ បាន​ធ្វើ​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យ​​​ពី​ភាព​មិន​ប្រក្រតីពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គាំទ្រ​ក្រុង​ប៉េកាំង​ និង​មន្ត្រី​ជាន់​ខ្ពស់​របស់​ហុង​កុង​។​

​​លោក​ស្រី​ Carrie Lam ​នាយក​ប្រតិបត្តិ​ទី​ក្រុង​ហុងកុង​​និយាយ​កាល​ពី​សប្ដាហ៍​មុន​ថា​ រដ្ឋាភិបាល​​ហុងកុង​នឹង​ពិចារណា​កាត់​ផ្តាច់​ទំនាក់​ទំនង​ជាមួយ​សមាគម​ច្បាប់​ ប្រសិន​បើ​អង្គភាព​នេះ​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​នយោបាយ​។​

​​ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner