ម៉ាឡេស៊ីរកបាននាយករដ្ឋមន្ត្រីថ្មី បញ្ចប់វិបត្តិនយោបាយជាងមួយសប្ដាហ៍

ម៉ាឡេស៊ី​បាន​រក​ឃើញ​នាយករដ្ឋមន្ត្រី​ថ្មី​ជំនួស​លោក Muhyiddin Yassin កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ។ នាយករដ្ឋមន្ត្រី​ថ្មី​នោះ​គឺ លោក Ismail Sabri Yaakob ដែល​ជា​អ្នក​នយោបាយ​មក​ពី​អង្គការ​រួបរួម​ជាតិ​ម៉ាឡេ ឬ ហៅ​កាត់​ថា​ UMNO។

បុរស​ជនជាតិ​ម៉ាឡេ​វ័យ ៦១ឆ្នាំ​រូប​នេះ បាន​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​សៅរ៍​ ក្រោយ​​អធិបតី​របស់​ព្រះ​ចៅស៊ុលតង់​ម៉ាឡេស៊ី Al-Sultan Abdullah Ri’ayatuddin Al-Mustafa Billah Shah នៅ​រាជវាំង​ម៉ាឡេស៊ី នា​ឯ​ក្រុង​កូឡាឡាំពួរ។ លោក​ជា​នាយករដ្ឋមន្ត្រី​លើក​ទី៩​ហើយ​របស់​ម៉ាឡេស៊ី ចាប់​តាំង​ពី​ប្រទេស​នេះ​ប្រកាស​ឯករាជ្យ​ពី​អង់គ្លេស។

តួនាទី​បន្ទាន់​របស់​លោក Ismail Sabri គឺ កិច្ចការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩។ នេះ​បើ​តាម​បន្ទូល​របស់​ព្រះ​ចៅ​ស៊ុលតង់​ម៉ាឡេស៊ី។

លោក​ត្រូវ​បាន​តែងតាំង​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ បន្ទាប់​ពី​មាន​សន្និសីទ​នៃ​ស្ដេច​ស៊ុលតង់​ប្រចាំ​រដ្ឋ​នីមួយៗ​នៃ​ម៉ាឡេស៊ី​ចំនួន ៩រូប។ កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ សភា​ជាន់​ទាប​ម៉ាឡេស៊ី​ត្រូវ​បាន​បង្គាប់​ ដោយ​ព្រះមហាក្សត្រ​ឱ្យ​ជ្រើសតាំង​នាយករដ្ឋមន្ត្រី។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Channel News Asia ក្នុង​ចំណោម​សមាជិក​សភា ២២០រូប ១១៤រូប​ដែល​ជា​សំឡេង​ភាគ​ច្រើន​បោះឆ្នោត​គាំទ្រ​លោក Ismail Sabri ខណៈ ១០៥រូប​បោះឆ្នោត​គាំទ្រ​អ្នក​នយោបាយ​ប្រឆាំង​ចាស់​វស្សា​នៅ​ម៉ាឡេស៊ី​លោក Anwar Ibrahim។

លោក Muhyiddin Yassin បាន​លាលែង​ពី​តំណែង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ច័ន្ទ​សប្ដាហ៍ ក្រោយ​ពី​ប្រទេស​នេះ​ជួប​វិបត្តិ​នយោបាយ​អស់​មួយ​រយៈ។

ក្រោយ​ពី​លោក Ismail Sabri ត្រូវ​បាន​តែងតាំង​ជា​នាយករដ្ឋមន្ត្រី មេដឹកនាំ​សម្ព័ន្ធ​គណបក្ស​ប្រឆាំង​លោក Anwar ក៏​ប្រកាស​គាំទ្រ​ការ​តែងតាំង​នេះ ហើយ​លោក​ក៏​បាន​ជំរុញ​ឱ្យ​អ្នក​គាំទ្រ​របស់​លោក​ទទួល​យក​ការ​តែងតាំង​នេះ៕

ប្រភព៖ CNA

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner