យន្តហោះចម្បាំងអ៊ីស្រាអែល វាយប្រហារទីតាំងហាម៉ាស នៅហ្កាហ្សា បន្ទាប់ពីការប៉ះទង្គិចគ្នា

កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​នេះ ​កងពល​​យោធា​អ៊ីស្រាអែល​បាន​ប្រកាស​ថា​យន្តហោះ​ចម្បាំង​របស់​ខ្លួន​បាន​ធ្វើ​ការ​វាយ​ទៅ​លើ​ទីតាំង​របស់​ក្រុម​ឧទ្ទាម​ហា​ម៉ាស​នៅ​តំបន់​ហ្កាហ្សា នៅ​ក្នុង​ការ​កើន​ឡើង​នៃ​អរិភាព​បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​តាម​ព្រំដែន ហើយ​​បណ្ដាល​ឱ្យ​ទាហាន​អ៊ីស្រាអែល​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ និង​ធ្វើ​ឱ្យ​ជនជាតិ​ប៉ាឡេស្ទីន ៤១ នាក់​រង​របួស​ក្នុង​នោះ​មាន ២នាក់​ធ្ងន់ធ្ងរ​។

ការ​ប៉ះទង្គិច​នៅ​ព្រំដែន​បាន​កើត​ឡើង​នៅ​ពេល​ដែល​ក្រុម​ហម៉ាស​បាន​រៀប​ចំ​បាតុកម្ម​នៅ​ទី​នោះ​ដោយ​មាន​ការ​ចូល​រួម​ពី​ជនជាតិ​ប៉ាឡេស្ទីន​រាប់​រយ​នាក់​។ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ កង​យោធា​អ៊ីស្រាអែល​បាន​លើក​ឡើង​ថា​ក្រុម​បាតុករ​ខ្លះ​ព្យាយាម​ឡើង​លើ​របង​ព្រំដែន ហើយ​ខ្លះ​ទៀត​បាន​គប់​គ្រឿង​ផ្ទុះ​ឆ្លង​ដែន​។

សេចក្ដីថ្លែងការណ៍​នោះ​រៀប​រាប់​​ថា​៖ «ទាហាន​នៃ​កង​កម្លាំង​ការពារ​អ៊ីស្រាអែល​បាន​ឆ្លើយ​តប​ដោយ​ប្រើ​គ្រប់​មធ្យោបាយ​បំបែក​កុបកម្ម ​រួម​ទាំង​នៅ​ពេល​ចាំបាច់ ការ​បាញ់​គ្រាប់​ពិត​»​។

ក្រសួង​សុខាភិបាល​ហ្កាហ្សា បាន​និយាយ​ថា​ក្នុង​ចំណោម​ជនជាតិ​ប៉ាឡេស្ទីន​ពីរ​នាក់​ដែល​រង​របួស​ធ្ងន់ មាន​ក្មេង​ប្រុស​អាយុ ១៣ ឆ្នាំ​ម្នាក់​ត្រូវ​បាន​គេ​បាញ់​ចំ​ក្បាល​។ ក្រសួង​នេះ​លើក​ឡើង​ថា​អ្នក​របួស​ផ្សេង​ទៀត​គឺ​មាន​កម្រិត​មធ្យម​ ដោយ​ភាគ​ច្រើន​ជា​របួស​រង​គ្រាប់​កាំភ្លើង​នៅ​ដៃ​ជើង ខ្នង​ និង​ពោះ​។

ទាហាន​ការពារ​ព្រំដែន​អ៊ីស្រាអែល​មួយ​រូប​បាន​រង​របួស​ពី​ការ​បាញ់​ពី​ខាង​ប៉ាឡេស្ទីន​ ប៉ុន្តែ​គ្មាន​ក្រុម​ណា​មួយ​ប្រកាស​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាញ់​នេះ​ទេ​។ ជា​ការ​ឆ្លើយ​តប​នឹង​ការ​ប៉ះ​ទង្គិច​នេះ យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា​ពួកគេ​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​ទៅ​លើ​ឃ្លាំង​ និង​កន្លែង​ផលិត​អាវុធ​របស់​ក្រុម​ហាម៉ាស​ចំនួន​បួន​។

អ្នក​នាំ​ពាក្យ​ហាម៉ាស​លោក​ហ្វាហ្សី បាហូម​និយាយ​ថា​ការ​វាយ​ប្រហារ​តាម​អាកាស​កាល​ពី​ថ្ងៃ​សៅរ៍​បាន​បង្ហាញ​ថា​អ៊ីស្រាអែល​គឺ​ «កំពុង​តែ​ព្យាយាម​បិទ​បាំង​ភាព​បរាជ័យ​និង​ការ​ខក​ចិត្ត​របស់​ខ្លួន​នៅ​ចំពោះ​មុខ​ភាព​រឹងមាំ​របស់​ប្រជាជន​យើង​និង​ការ​តស៊ូ​ដ៏​ក្លាហាន​របស់​ពួកគេ​»​។

យ៉ាង​ណា​មិញ​យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា​ខ្លួន​នឹង​បញ្ជូន​ទាហាន​បន្ថែម​ទៀត​ទៅ​តំបន់​ព្រំដែន​ជា​មួយ​ហ្កាហ្សា​ ដើម្បី​ត្រៀម​សម្រាប់​ការ​កើន​ឡើង​ការ​ប៉ះទង្គិច​បន្ថែម​ទៀត​៕

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner