យុទ្ធនាការដាំដើមឈើប្រភេទដើមភួងមង្គល និងដេីមបូព្រឹក នៅតាមរមណីយដ្ឋាននានា ក្នុងខេត្តរតនគិរី

រតនគិរី ៖ កូនឈើប្រភេទដេីមភួងមង្គល និងដេីមបូព្រឹកចំនួន ២០០ដើម ត្រូវបានយកទៅដាំនៅបរិវេនរមណីយដ្ឋានបឹងលំកុដដែលមានទីតាំងក្នុងភូមិសមុត្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។

យុទ្ធនាការដាំដើមឈើនេះ ត្រូវបានធ្វើនៅព្រឹកថ្ងៃសៅរ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី និងមានការចូលរួមពីអភិបាលរងខេត្ត យុវជនស.ស.យ.ក និងស.យ.ស.សខេត្ត ព្រមទាំងថ្នាក់ដឹកនាំ តាមស្ថាប័នមួយចំនួនផងដែរ។

ឯកឧត្តម ថង សាវុន បានមានប្រសាសន៍ថា ការដែលយើងដាំដើមឈើនៅតាមរមណីដ្ឋាននានាក្នុងខេត្តរតនគិរី គឺដើម្បីលើកកម្ពស់សោភ័ណភាពបៃតង និងបង្កើតជាគម្របបរិស្ថានពណ៌បៃតងដល់តំបន់រមណីយដ្ឋានដែលមានសក្តានុពលលើវិស័យទេសចរណ៍ ក្នុងចំណោមតំបន់រមណីយដ្ឋាននានារបស់ខេត្ត។

ឯកឧត្តម អភិបាលខេត្តបានបន្ថែមទៀតថា ការដាំកូនឈើជាប្រភេទដើមភួងមង្គល និងដេីមបូព្រឹកនេះ ក៏ដើម្បីទាក់ទាញភ្ញៀវទេសចរ និងភ្ញៀវបរទេសមកកម្សាន្តក្នុងខេត្តកាន់តែច្រើន និងបានចូលរួមចំណែកលើកស្ទួយជីវភាពប្រជាពលរដ្ឋយើងតាមការលក់ដូរជូនដល់ភ្ញៀវទេសចរផងដែរ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមក៏បានអញ្ជើញចុះសួរសុខទុក្ខ និងផ្ដល់ជាថវិកាមួយចំនួនជូនគ្រួសារអតីតយុទ្ធជន ដែលបានរងគ្រោះដោយករណីខ្យល់កន្រ្ដាក់ផងដែរ ៕ ដោយ គតិ យុត្ត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner