រដ្ឋសហភាពអឺរ៉ុបរួមគ្នាស្តីបន្ទោសបេឡារុស ចំពោះកំណើននៃជនអន្តោប្រវេសន៍ខុសច្បាប់

វ៉ាសូវី៖ ​មេដឹកនាំ​ប៉ូឡូញ​ លីទុយអានី​ អេស្តូនី​ និង​ឡេតូនី​ បាន​ជួប​ប្រជុំគ្នា​កាល​ពី​ថ្ងៃ​សៅរ៍​ ដើម្បី​ថ្កោល​ទោស​បេឡារុស​ជុំវិញ​ការ​អនុញ្ញាត​ឱ្យ​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ឆ្លង​កាត់​ព្រំដែន​របស់​ខ្លួន​​ចូល​ក្នុង​សហភាព​អឺរ៉ុប​។​

សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​ប៉ូឡូញ​ដែល​ចេញ​ផ្សាយ​បន្ទាប់​ពី​ជំនួប​តាម​ប្រព័ន្ធ​វិឌីអូ​មួយ​រវាង​មេដឹក​ប្រទេស​​​និយាយ​ថា​៖ ​«​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប​ទាំង​អស់​ មាន​កាតព្វកិច្ច​ការពារ​ព្រំដែន​ និង​បញ្ឈប់​ការ​ចូល​ខុស​ច្បាប់​»​។​

ឆ្លើយ​តប​នឹង​ការ​រិះគន់​ពី​ក្រុម​សិទ្ធិ​មនុស្ស​ ចំពោះ​​ការ​​មិន​​ទទួល​​យក​ និង​ការ​បដិសេធ​​​​​ការ​​ថែទាំ​​សុខភាព​​​សម្រាប់ជន​ចំណាក​​ស្រុក​​​​​​នៅ​​តាម​ព្រំដែន​របស់​ប៉ូឡូញ​ សេចក្តីថ្លែ​ងការណ៍​ដដែល​បន្ថែម​ថា​ ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ទាំង​អស់​ ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​សមរម្យ​ ដោយ​ថា​វា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​គូស​បញ្ជាក់​ថា​ អ្នក​ដែល​បាន​ឆ្លង​កាត់​ព្រំដែន​ ពិតជា​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​​។

​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ​ ប្រទេស​លីទុយអានី​បាន​រាយការណ៍​ពី​កំណើន​នៃ​ការ​ឆ្លង​កាត់​ព្រំដែន​ខុស​ច្បាប់​ពី​ប្រទេស​បេឡារុស​ និង​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ទីក្រុង​មីនស្ក៍​ពី​ការ​ផ្ដល់​ជើង​ហោះហើរ​ដល់​ជន​អន្តោ​ប្រវេសន៍​មក​ពី​បរទេស​​​​​ទៅ​សហភាព​អឺរ៉ុប​។​

​កាលពី​ដើម​ខែ​នេះ​ ប៉ូឡូញ​បាន​ចោទ​ប្រកាន់​បេឡារុស​ពី​ការ​បញ្ជូន​ជន​អន្តោប្រវេសន៍​ដែល​កំពុង​កើន​ឡើង​តាម​ព្រំដែន​ ដើម្បី​សង​សឹក​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ក្រុង​ វ៉ាសូវី ​ក្នុង​ការ​ផ្តល់​ជំរក​ដល់​អត្តពលិក​បេឡារុស​នាង​ Krystsina​ Tsimanouskaya  ​​ ដែល​មិន​ព្រម​ធ្វើ​មាតុភូមិ​វិញ​ក្រោយ​កីឡា​អូឡាំពិក​តូក្យូ​​។​

មក​ទល់​ពេល​នេះ​ មន្រ្តី​រដ្ឋាភិបាល​ក្រុង​មីនស្ក៍​របស់​លោក ​Alexander Lukashenko ​មិន​ទាន់​ប្រតិកម្ម​យ៉ាង​ណា​ទេ​លើ​ការ​ថ្កោល​ទោស​ថ្មី​ៗ​នេះ​។  ​

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner