រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ចាប់ខ្លួនអ្នកសារព័ត៌មាន២រូប ចោទថាជាប់ការពាក់ព័ន្ធប្រឆាំងស៊ីវិល

កង​កម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា បាន​ធ្វើ​ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​មីយ៉ាន់ម៉ា​ ២រូប ដោយ​ចោទ​ប្រកាន់​ថា​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​រដ្ឋាភិបាល​រួបរួម​ជាតិ​មីយ៉ាន់ម៉ា (NUG)។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​មីយ៉ាន់ម៉ា​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

អ្នក​សារព័ត៌មាន​ ២រូប​នេះ​គឺ លោក Sithu Aung Myint ជា​ស្មេរ​នៃ​សារព័ត៌មាន Frontier Myanmar និង​ជា​អ្នក​អត្ថាធិប្បាយ​នៃ​វិទ្យុ​វីអូអេ​ភាសា​ភូមា និង​អ្នក​នាង Htet Htet Khine ជា​អ្នក​សារព័ត៌មាន​ធ្វើ​ការ​ដោយ​ឯករាជ្យ (Freelance) និង​ធ្វើការ​ឱ្យ​សារព័ត៌មាន BBC ភាសា​ភូមា។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១៥ ខែ​សីហា​កន្លង​ទៅ។

យោង​តាម​ប្រភព​ខាង​លើ​ លោក Sithu Aung Myint បាន​សរសេរ​រិះគន់​យោធា​មីយ៉ាន់ម៉ា​យ៉ាង​ចាស់​ដៃ​ ចាប់​តាំង​ពី​ស្ថាប័ន​នេះ​ឡើង​កាន់​អំណាច​មក ហើយ​បន្ថែម​ពី​នេះ​ទៅ​ទៀត លោក​ក៏​បាន​សរសេរ​ញុះញង់​អុជអាល​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ចូល​ចលនា​មិន​ស្ដាប់​បង្គាប់​ស៊ីវិល (CDM) ព្រម​ទាំង​សរសេរ​គាំទ្រ​ក្រុម​រដ្ឋាភិបាល​ NUG និង​ក្រុម​តំណាង​សភា CRPH ដែល​យោធា​ចាត់​ទុក​ថា​ជា​អង្គការ​ភេរវកម្ម។

ចំណែក​ឯ​អ្នក​នាង Htet Htet Khine ត្រូវ​បាន​អាជ្ញាធរ​យោធា​ចោទ​ប្រកាន់​ថា បាន​ផ្ដល់​កន្លែង​សំណាក់​ឱ្យ​លោក Sithu Aung Myint ហើយ​ក៏​ធ្វើ​ជា​ការី​និពន្ធ​ស្ម័គ្រ​ចិត្ត​ឱ្យ​វិទ្យុ Federal FM ដែល​ជា​វិទ្យុ​របស់​ខាង NUG។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch បាន​អះអាង​ថា ចាប់​តាំង​ពី​រដ្ឋប្រហារ​ខែ​កុម្ភៈ​មក អាជ្ញាធរ​យោធា​មីយ៉ាន់ម៉ា​បាន​ចាប់​អ្នក​កាសែត​សរុប ៩៨នាក់ ហើយ​គិត​មក​ទល់​ខែ​កក្កដា មាន​អ្នក​កាសែត​ប្រមាណ ៤៦នាក់​នៅ​មិន​ទាន់​ដោះលែង​នៅ​ឡើយ៕

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner