វ៉ាក់សាំងកូវីដ១៩ ចិនចាប់ផ្ដើមអស់ប្រជាប្រិយភាព អាមេរិកចាប់ផ្ដើមចង់បើកទីផ្សារនៅអាស៊ី
អង្គការសុខភាពពិភពលោក (WHO) អនុម័តដាក់វ៉ាក់សាំងចិន Sinovac និង Sinopharm ឱ្យប្រើប្រាស់ក្នុងគ្រាអាសន្ន និងត្រូវបានចែកចាយឱ្យប្រើប្រាស់ទាំងនៅប្រទេសចិន និងប្រទេសរាប់សិបជុំវិញពិភពលោក។
ក្រុមហ៊ុនទាំង ២ នេះទៀតសោត ក៏បានចុះហត្ថលេខាលើគម្រោងចែករំលែកវ៉ាក់សាំងសកល Covax ដែលមានគោលបំណងចែកចាយវ៉ាក់សាំងដល់ប្រទេសក្រីក្រ និងមានទីផ្សារយ៉ាងធំទូលាយនៅតំបន់អាស៊ី។
ប៉ុន្តែកាលពីពេលថ្មីៗនេះ មានការព្រួយបារម្ភកើតឡើងចំពោះប្រសិទ្ធភាពរបស់វ៉ាក់សាំងទាំងនេះ ឥឡូវនេះបណ្តាប្រទេសអាស៊ីមួយចំនួន ដែលយកវ៉ាក់សាំងចិន ជាគោលចម្បងក្នុការចែកចាយវ៉ាក់សាំងក្នុងកម្មវិធីចែកចាយវ៉ាក់សាំងរបស់ខ្លួន បានប្រកាសថា ខ្លួននឹងប្រើវ៉ាក់សាំងពីប្រទេសផ្សេងទៀត។ ចលនានេះ បានបង្កជាមន្ទិលមិនត្រឹមតែប្រសិទ្ធភាពវ៉ាក់សាំងរបស់ចិនតែ ប៉ុន្តែក៏បានបង្កើតជាមន្ទិលដល់ការទូតវ៉ាក់សាំងរបស់ចិននៅអាស៊ីថែមទៀតផង។
ប្រជាជននៅថៃ ដែលទទួលបានវ៉ាក់សាំង Sinovac នៅដូសទីមួយ ឥឡូវនេះរដ្ឋាភិបាលបញ្ជាឱ្យចាក់វ៉ាក់សាំង AstraZeneca នៅសប្ដាហ៍ទី ៣ ឬ ៤ ក្រោយ។ នៅប្រទេសឥណ្ឌូនេស៊ី មន្រ្តីនានា កំពុងចាត់ចែងដាក់វ៉ាក់សាំង Moderna ជាវ៉ាក់សាំងដូសទី ៣ ដល់បុគ្គលិកសុខាភិបាល ដែលបានទទួល Sinovac រួចហើយផងដែរ។
ដោយឡែក រដ្ឋមន្រ្តីក្រសួងសុខាភិបាលម៉ាឡេស៊ី បាននិយាយថា ប្រទេសនេះនឹងឈប់ប្រើ Sinovac ទៀតហើយនៅពេលវ៉ាក់សាំងនេះអស់ពីស្ដុកក្នុងប្រទេស។ សូម្បីតែនៅកម្ពុជា ដែលជាប្រទេសសម្ព័ន្ធមិត្តដ៏ខ្លាំងក្លាបំផុតរបស់ចិន ក៏ចាប់ផ្តើមប្រើវ៉ាក់សាំង AstraZeneca ជាដូសទី ៣ ក្រោយទទួលវ៉ាក់សាំងចិនទាំង ២ ដូសផងដែរ។
តំបន់ខ្លះ ទទួលបានអត្ថប្រយោជន៍ពីការធ្វើទូតវ៉ាក់សាំងរបស់ចិន ដូចអាស៊ីអាគ្នេយ៍នេះឯង ដែលជាតំបន់ទទួលបានវ៉ាក់សាំងចិនជាង ៦៥០ លានដូស ក្រោយពេលខ្លួនជួបការលំបាករឿងបញ្ហាកង្វះការផ្គត់ផ្គង់វ៉ាក់សាំងពីបស្ចិមប្រទេស។
ប្រទេសចិន បានសន្យាថានឹងចូលរួមផ្តល់វ៉ាក់សាំងជាង ២៥៥ លានដូសទៅឱ្យគម្រោងនេះ។ ទោះយ៉ាងណា នៅពាក់កណ្តាលឆ្នាំនៃយុទ្ធនាការ បានបង្កើតទៅជាមន្ទិលលើប្រសិទ្ធិភាពរបស់វ៉ាក់សាំង ជាពិសេសការប្រឆាំងនឹងវ៉ារ្យ៉ង់ Delta ដែលកំពុងរីករាលដាល។ ប្រទេសឥណ្ឌូនេស៊ី ដែលឆាប់ទទួលយកវ៉ាក់សាំងរបស់ចិនថ្មីៗនេះ ក្លាយជាប្រទេសដែលមានមេរោគឆ្លងច្រើនសម្បើម។ ហើយប្រទេសផ្សេងទៀត បានត្អូញត្អែរអំពីលក្ខខណ្ឌ ដែលអមជាមួយការបរិច្ចាគ ឬ ការលក់វ៉ាក់សាំងរបស់ចិន។
ដោយសារ ប្រទេសជាច្រើនងាកចេញពីទិញវ៉ាក់សាំងពីប្រទេសចិន ជំនួយវ៉ាក់សាំងពីសហរដ្ឋអាមេរិកផ្តល់ឱកាសដល់ប្រទេសនេះក្នុងការស្តារទំនាក់ទំនងជាមួយប្រទេសនៅក្នុងតំបន់ ដែលមន្រ្តីអាមេរិកភាគច្រើនមិនអើពើអស់ជាច្រើនឆ្នាំ ស្របពេលចិនពង្រីកឥទ្ធិពលរបស់ខ្លួន។ រដ្ឋបាលលោក Joe Biden បានបញ្ជូនមន្រ្តីជាន់ខ្ពស់ជាច្រើនរូប រួមទាំង អនុប្រធានាធិបតី Kamala Harris ដែលគ្រោងនឹងមកធ្វើទស្សនៈកិច្ចនៅសិង្ហបុរី និងវៀតណាមក្នុងពេលឆាប់ៗ។
បន្ថែមពីនេះ ប្រទេសនេះក៏បានសន្យាផ្តល់វ៉ាក់សាំងខ្លួនដល់ប្រទេសអាស៊ីអាគ្នេយ៍ ដោយសង្កត់ធ្ងន់ថាការរួមចំណែករបស់អាមេរិកប្រមាណ ២៣ លានដូស គិតត្រឹមសប្តាហ៍នេះ គឺជា«ជំនួយគ្មានលក្ខខណ្ឌ» ចង់សំដៅលើជំនួយចិន ដែលមានលក្ខខណ្ឌកន្លងមក។
បណ្តាប្រទេសមួយចំនួននៅក្នុងតំបន់ កាន់តែចង់បានវ៉ាក់សាំងពីប្រទេសលោកខាងលិច ដែលពួកគេជឿជាក់ថា មានប្រសិទ្ធភាពជាង។ លោក Hoang Thi Ha អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលសិក្សាអាស៊ាននៃវិទ្យាស្ថានYusof Ishak Institute ( ISEAS ) នៅសិង្ហបុរី បាននិយាយថា៖ «ការចែកចាយវ៉ាក់សាំងរបស់ចិនដល់ប្រទេសទាំងនេះ បានបាត់បង់មន្តអាគមហើយ»។
លោកស្រី Nadege Rolland សមាជិកជាន់ខ្ពស់នៅការិយាល័យជាតិនៃការស្រាវជ្រាវអាស៊ីនៅទីក្រុងវ៉ាស៊ីនតោន បាននិយាយថា៖ «ឥឡូវនេះ ពួកគេមានជម្រើសច្រើន ដូច្នេះពួកគេអាចធ្វើការសម្រេចចិត្តផ្សេងទៀត។ ខ្ញុំមិនគិតថា វាជារឿងនយោបាយទេ។ ខ្ញុំគិតថា ជាក់ស្តែងអញ្ចឹងមែន»។

ប្រភព៖ BBC