សហស្ថាបនិកតាលីបង់មកក្រុងកាប៊ុល ដោយទំនងរកមុខតំណែងប្រធានាធិបតីសម្រាប់ខ្លួន

កាល​ពី​ថ្ងៃ​សៅរ៍នេះ​ ​មេដឹកនាំ​នយោបាយ​កំពូល និង​សហ​ស្ថាបនិក​របស់​ក្រុម​ឧទ្ទាម​តាលីបង់​លោក​អាប់ឌុល ហ្គានី បារ៉ាដាបាន​មក​ដល់​រដ្ឋធានី​កាប៊ុល​ប្រទេស​អាហ្វហ្គានីស្ថាន​ ដើម្បី​បើក​ការ​ពិភាក្សា​បង្កើត​រដ្ឋាភិបាល​ថ្មី​ ខណៈ​ពេល​ដែល​មាន​ការ​រាយការណ៍​ថា​លោក​កំពុង​សម្លឹង​មើល​មុខ​តំណែង​ប្រធានាធិបតី​សម្រាប់​ខ្លួន​លោក​ផ្ទាល់​។

ខណៈ​ពេល​ដែល​លោក​ហ៊ីបទូលឡា អាខុនដាហ្សាដា​មាន​តំណែង​ជា​មេដឹកនាំ​កំពូល​របស់​តាលីបង់​លោក​បារ៉ាដា​ត្រូវ​គឺ​ជា​មេដឹកនាំ​ផ្នែក​នយោបាយ​ ហើយ​ត្រូវ​បាន​ចាត់​ទុក​ជា​មុខ​សាធារណ​របស់​តាលីបង់​។ ក្នុង​នាម​ជា​សហ​ស្ថាបនិក​ និង​ជា​អនុ​មេដឹកនាំ​កំពូល​តែ​មួយ​គត់​ដែល​ត្រូវ​បាន​តែងតាំង​ដោយ​ផ្ទាល់​ដោយ​អតីត​មេដឹកនាំ​កំពូល​លោក​មូលឡាហ៍ ម៉ូហាម៉េដ អូម៉ា​ លោក​បារ៉ាដា​ត្រូវ​បាន​សមាជិក​ក្រុម​តាលីបង់​គោរព​ជាង​មេដឹកនាំ​ដទៃ​ទៀត​។ ក្នុង​រយៈ​ពេល​ ២០ ឆ្នាំ​ចុង​ក្រោយ​នេះ​លោក​បារ៉ាដា​ គឺ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មេដឹកនាំ​ដ៏​មាន​សមត្ថភាព​ ទាំង​ក្នុង​នយោបាយ​ និង​ក្នុង​សឹក​។

នៅ​ពេល​ដែល​លោក​បារ៉ាដា​បាន​មក​ដល់​មាតុភូមិ​ក្រុម​តាលីបង់​នៅ​ខេត្ត​កាន់ដាហារ​ពី​ទីក្រុង​ដូហា​នៅ​លើ​យន្តហោះ​កងទ័ព​កាតា​កាល​ពី​ថ្ងៃ​អង្គារ​ លោក​ត្រូវ​បាន​សមាជិក​តាលីបង់​ស្វាគមន៍​ជា​វីរបុរស​សញ្ជ័យ​។ ប៉ុន្តែ​ភាព​ជោគជ័យ​ធំ​បំផុត​របស់​បារ៉ាដា​មិន​បាន​កើត​ឡើង​នៅ​លើ​សមរភូមិ​ទេ គឺ​បាន​កើត​ឡើង​នៅ​លើ​តុ​ចរចា​។

កាល​ពី​ឆ្នាំ ២០១០ លោក​បារ៉ាដា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ទីក្រុង​ការ៉ាជី ប្រទេស​ប៉ាគីស្ថាន​ក្នុង​ប្រតិបត្តិការ​រួមគ្នា​ដោយ​ភ្នាក់ងារ​ចារកម្ម​ប៉ាគីស្ថាន និង​អាមេរិក​។ ប៉ុន្តែ​ប្រាំបី​ឆ្នាំ​ក្រោយ​មក​លោក​ត្រូវ​បាន​ដោះលែង​សំណើ​របស់​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ ហើយ​បាន​ហោះ​ទៅ​ទីក្រុង​ដូហា​ប្រទេស​កាតា​ ដើម្បី​ដឹកនាំ​ការិយាល័យ​នយោបាយ​តាលីបង់​ ដែល​នេះ​គឺ​ជា​ស្ថានទូត​តែ​មួយ​គត់​របស់​ក្រុម​ឧទ្ទាម​នេះ​ បន្ទាប់​ពី​អាមេរិក​ទម្លាក់​ពួកគេ​ពី​អំណាច​កាល​ពី​ឆ្នាំ​២០០១​។

រដ្ឋបាល​លោក​ត្រាំ​បាន​ធ្វើ​ការ​ស្នើ​ការ​ដោះ​លែង​នេះ​ដោយ​មាន​ជំនឿ​ថា​ក្នុង​ចំណោម​មេដឹកនាំ​តាលីបង់​ទាំង​អស់​ លោក​បារ៉ាដា​គឺ​មាន​ទំនោរ​ខ្ពស់​ជា​គេ​ក្នុង​ការ​យល់​ព្រម​ចែក​រំលែក​អំណាច​ជា​មួយ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​។

នៅ​ទីក្រុង​ដូហា លោក​បារ៉ាដា​បាន​ដឹកនាំ​ក្រុម​តាលីបង់​ក្នុង​កិច្ចពិភាក្សា​ជា​មួយ​រដ្ឋបាល​លោក​ត្រាំ ដោយ​គ្មាន​ការ​ចូល​រួម​ពី​តំណាង​របស់​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​។ ការ​ចរចា​នេះ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​ ២០២០ សម្រាប់​ការ​ដក​កង​ទ័ព​អាមេរិក​ទាំង​អស់​ចេញ​ពី​អាហ្វហ្គានីស្ថាន​ ដោយ​មាន​ការ​យល់​ព្រម​បើក​ការ​ចរចា​សន្តិភាព​ជា​មួយ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​។

ប៉ុន្តែ​ការ​ចរចា​សន្តិភាព​នេះ​បាន​ជាប់​គាំង ហើយ​កិច្ចព្រមព្រៀង​នេះ​បាន​បើក​ផ្លូវ​ឱ្យ​ក្រុម​តាលីបង់​រឹប​អូស​យក​រដ្ឋធានី​កាប៊ុល​របស់​អាហ្វហ្គានីស្ថាន​ហើយ​ទម្លាក់​រដ្ឋាភិបាល​ បន្ទាប់​ពី​ការ​វាយ​លុក​ស្ទើរ​តែ​គ្មាន​រារាំង​នៅ​ទូទាំង​ប្រទេស ខណៈ​ពេល​ដែល​អង្គភាព​កងទ័ព​អាហ្វហ្គានីស្ថាន​បាន​ដួល​រលំ​ដោយ​សារ​បញ្ហា​ផ្ទៃ​ក្នុង​ជា​ច្រើន ​រួម​ជា​មួយ​ការ​បាក់​ស្មារតី​បន្ទាប់​ពី​បាត់បង់​ការ​គាំទ្រ​ពី​សហរដ្ឋអាមេរិក។

ឥឡូវ​នេះ​លោក​បារ៉ាដា​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ដឹកនាំ​ការ​ចរចា​រវាង​ក្រុម​តាលីបង់​ និង​សមាជិក​រដ្ឋាភិបាល​ធ្លាក់​ពី​អំណាច​ សម្រាប់​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ ដោយ​មាន​អ្នក​វិភាគ​មួយ​ចំនួន​គិត​ថា​លោក​កំពុង​សម្លឹង​មើល​មុខ​តំណែង​ប្រធានាធិបតី​។ ក្រុម​អ្នក​នាំ​ពាក្យ​តាលីបង់​បាន​និយាយ​ថា​ពួកគេ​នឹង​បង្កើត​រដ្ឋាភិបាល​អ៊ីស្លាម​រួម​បញ្ចូល​គ្នា​ ហើយ​ធានា​នឹង​គោរព​សិទ្ធ​មនុស្ស សិទ្ធ​ស្ត្រី​ និង​លើក​លែង​ទោស​ជូន​មន្ត្រី​ និង​ទាហាន​រដ្ឋាភិបាល​ធ្លាក់​ពី​អំណាច​។

ប៉ុន្តែ​អ្នក​សង្កេត​ជា​ច្រើន​នៅ​មិន​ទាន់​ទុក​ចិត្ត​ការ​លើកឡើង​ទាំង​នេះ​ ហើយ​កំពុង​រង​ចាំ​សកម្មភាព​របស់​លោក​បារ៉ាដា​ ដែល​រហូត​មក​ដល់​ពេល​នេះ​មិន​បាន​និយាយ​ជា​សាធារណ​ថា​លោក​នឹង​ជួយ​បង្កើត​រដ្ឋាភិបាល​បែប​ណា​ទេ​៕

ប្រភព៖ AP News

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner