ការបង្កើតប្រព័ន្ធអេកូឡូស៊ីឌីជីថលរឹងមាំអាចនឹងជួយគាំទ្រសកម្មភាពធុរកិច្ចតាមគន្លងប្រក្រតីភាពថ្មី
រាជធានីភ្នំពេញ៖ក្រសួងប្រៃសណីយ៍បានឱ្យដឹងថាក្នុងការបង្កើតនូវប្រព័ន្ធអេកូឡូស៊ីឌីជីថលរឹងមាំអាចនឹងជួយគាំទ្រសកម្មភាពធុរកិច្ចតាមគន្លងប្រក្រតីភាពថ្មីទាំងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមជាមួយឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា លោកស្រី Sonali Dayaratne មន្រ្តីទទួលបន្ទុក UNDP ប្រចាំនៅប្រទេសកម្ពុជា កាលពីថ្មីៗមកនេះ បានរួមគ្នាសម្ពោធដាក់ដំណើរការសម្ព័ន្ធឌីជីថលរឹងមាំ ដើម្បីជំរុញការបន្តសកម្មភាពធុរកិច្ចដោយប្រើបច្ចេកវិទ្យាឌីជីថល ជាជំនួយសម្រាប់សហគ្រាសធុនតូចបំផុត តូច និងមធ្យម (MSME)។
គួរបញ្ជាក់ថាកម្មវិធីសម្ព័ន្ធឌីជីថលរឹងមាំនេះ សហការរៀបចំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទីភ្នាក់ងាអូស្រ្តាលីសម្រាប់ការអភិវឌ្ឍអន្តរជាតិ (AusAID) និង UNDP Cambodia ជាមួយសមាគមធុរកិច្ច គ្រឹះស្ថានហិរញ្ញវត្ថុ និងអាជីវកម្មឌីជីថលនៅកម្ពុជា ដើម្បីគាំទ្រការចាប់យក និបន្តសកម្មភាពអាជីវកម្មតាមអនឡាញ ក្នុងបរិយាបទដែលមានការរាតត្បាតជំងឺកូវីដ-១៩នេះ ព្រមទាំងជំរុញការឆ្ពោះទៅកាន់អនាគតឌីជីថលប្រកបដោយបរិយាបន្ននៅកម្ពុជា៕ដោយ៖ម៉ាដេប៉ូ



