កាកបាទក្រហមកម្ពុជា ជូនដំណឹងស្ដីពីការទទួលវ៉ាក់សាំងស៊ីណូហ្វាម ១០ម៉ឺនដូស ពីសមាគមជាតិកាកបាទក្រហមចិន

អត្ថបទដោយ៖
ធី ដា

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់កាកបាទក្រហមកម្ពុជានៅថ្ងៃទី២៣សីហាឆ្នាំ២០២១ បានឲ្យដឹងថា វ៉ាក់សាំងប្រភេទ SARS-CoV-2 សីណូហ្វាមចំនួន១០ម៉ឺនដូស ដែលជាជំនួយរបស់សមាគមជាតិកាកបាទក្រហមចិន ផ្ដល់ជូនកាកបាទក្រហមកម្ពុជាមកដល់អាការយានដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង៥ល្ងាចថ្ងៃទី២៣សីហាឆ្នាំ២០២១។

ពិធីប្រគល់ និងទទួលវ៉ាក់សាំងនោះ ប្រព្រឹត្តទៅក្រោមអធិបតីភាពសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ សេចក្ដីប្រកាសព័ត៌មានរបស់កាកបាទក្រហមកម្ពុជា ចាត់ទុកថា វ៉ាក់សាំងកូវីដ-១៩ដែលជាជំនួយរបស់កាកបាទក្រហមចិន នឹងកាន់តែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជានូវមធ្យោបាយដ៏មានអានុភាពបន្ថែមទៀត ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

កាកបាទក្រហមកម្ពុជាបានបន្តថា ទោះជាយ៉ាងណាក្ដី វ៉ាក់សាំងតែមួយមុចនឹងមិនអាចបញ្ចប់ការឆ្លងរាតត្បាតជាសកលនៃជំងឺនោះឡើយ។ ការបន្តអនុវត្តវិធានការសុខភាពសាធារណៈ ដើម្បីទប់ស្កាត់ការចម្លងជំងឺនោះ នៅតែចាំបាច់ដូចជាការធ្វើតេស្ដ ការគោរពវិធានការចត្តាឡីស័ក ព្រមទាំងការបន្តអនុវត្ត ៣ការពារ និង៣កុំ ដែលជាអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

កាកបាទក្រហមកម្ពុជាបានបញ្ជាក់ថា ក្នុងស្ថានភាពបច្ចុប្បន្ន ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទាមទារឲ្យមានការចូលរួម និងសហការយ៉ាងស្អិតរមួតពីភាគីពាក់ពន្ធ័ទាំងអស់។ កាកបាទក្រហមកម្ពុជា បញ្ជាក់ពីការប្ដេជ្ញាបន្តខិតខំចូលរួម និងសហការជាមួយនឹងរាជរដ្ឋាភិបាល ឲ្យកាន់តែខ្លាំងក្លាមួយកម្រិតទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការចូលរួមចំណែកអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមសហគមន៍ឲ្យអនុវត្តវិធាការសុខាភិបាល និងវិធានការរដ្ឋបាល ដើម្បីសុខភាពល្អរបស់គ្រួសារមួយ សហគមន៍មួយ និងសង្គមជាតិទាំងមូល។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner