លោក ពូទីន ៖ យើងមិនចង់បានក្រុមសកម្មប្រយុទ្ធអាហ្វហ្គានីស្ថាននៅក្នុងប្រទេសរុស្ស៊ីទេ
រុស្ស៊ី៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានចេញផ្សាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន នៅថ្ងៃអាទិត្យម្សិលមិញបានច្រានចោលគំនិតនៃការបញ្ជូនប្រជាជនភៀសខ្លួនពីអាហ្វហ្គានីស្ថានទៅកាន់ប្រទេសក្បែរខាងរុស្ស៊ី ដោយលោកនិយាយថា លោកមិនចង់អោយក្រុមសកម្មប្រយុទ្ធបង្ហាញខ្លួននៅទីនេះ ក្រោមការលាក់បាំងជនភៀសខ្លួនឡើយ។
លោក ពូទីន បានរិះគន់គំនិតរបស់ប្រទេសលោកខាងលិចមួយចំនួន ក្នុងការផ្លាស់ប្តូរទីលំនៅរបស់ជនភៀសខ្លួនពីអាហ្វហ្គានីស្ថាន ទៅបណ្តាប្រទេសអាស៊ីកណ្តាលជិតខាងរុស្ស៊ី ខណៈពេលដែលទិដ្ឋាការរបស់ពួកគេទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុបកំពុងដំណើរការ។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានដកស្រង់សម្តីលោក ពូទីន ថា យើងមិនចង់ឱ្យក្រុមសកម្មប្រយុទ្ធបង្ហាញមុខនៅទីនេះ ស្ថិតក្រោមការបិទបាំងឋានៈជាជនភៀសខ្លួនឡើយ។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិកបានធ្វើកិច្ចចរចាសម្ងាត់ជាមួយប្រទេសមួយចំនួន ក្នុងការប៉ុនប៉ងទទួលបានកិច្ចព្រមព្រៀង ដើម្បីផ្តល់ទីលំនៅជាបណ្តោះអាសន្នដល់ជនជាតិអាហ្វហ្គានីស្ថានងាយរងគ្រោះ ដែលបានធ្វើការឱ្យរដ្ឋាភិបាលអាមេរិក៕ ប្រភព៖ Reuters


