ថវិកាសម្រាប់របបរាជានិយមថៃ ត្រូវបានគេអំពាវនាវឲ្យកាត់បន្ថយ
រដ្ឋាភិបាលថៃបានសម្រេចផ្តល់ថវិកាចំនួន ៨,៧៦ ពាន់លានបាត សម្រាប់ការចំណាយនានា របស់ព្រះបរមរាជវាំងក្នុងឆ្នាំសារពើពន្ធក្រោយ (fiscal year) ក្រោយពីមានការជជែកដេញដោលដោយសមាជិកសភាមកពីគណបក្សប្រឆាំងក្នុងអំឡុងដំណើរការប្រជុំសភា ដែលបានបញ្ចប់នៅថ្ងៃអាទិត្យ (២២ សីហា)កន្លងទៅ ។
សំណួរទាក់ទងនឹងថវិកា សម្រាប់ប្រើប្រាស់នោរាជវាំង ដែលត្រូវបានគេលើកឡើងក្នុងសភាជាន់ទាប របស់ថៃបានកើតឡើងបន្ទាប់ ពីមានការរិះគន់អំពី របបរាជានិយម ហើយព្រះបរមរាជវាំងថៃមិនបានឆ្លើយតបទៅនឹងសំណួរផ្សេងៗស្តីពីបញ្ហាប្រឈមចំពោះថវិការាជវង្សនេះឡើយ ស្របពេលតំណាងរាស្ត្ររដ្ឋាភិបាលកាន់អំណាច មិនបានធ្វើអត្ថាធិប្បាយរីឯតំណាងរាស្ត្រមកពីគណបក្សប្រឆាំងអំពាវនាវឱ្យកាត់បន្ថយថវិកាសម្រាប់រាជវង្សនេះ។
គួរឲ្យដឹងផងដែរថាថវិកាសម្រាប់រាជវង្ស សម្រាប់ឆ្នាំសារពើពន្ធបន្ទាប់ គឺនឹងមានការកាត់បន្ថយប្រមាណ ២,៤ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ វាគឺជាការកាត់បន្ថយលើកដំបូង ចាប់តាំងពីឆ្នាំ ២០១៧ បន្ទាប់ពីមានការស្នងរាជ្យរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ។
តំណាងរាស្រ្តគណបក្សប្រឆាំងមកពីគណបក្សចលនាឆ្ពោះទៅមុខបាន និយាយថាថវិកាដែលបានបែងចែកគឺខ្វះព័ត៌មានលម្អិត និងពិស្តារហើយដូច្នេះគួរតែមានការកាត់បន្ថយពី ១៥ ភាគរយ ទៅ ៤០ ភាគរយ ដោយសារតែថវិកានេះប្រហែលជា ត្រូវការនៅកន្លែងផ្សេងទៀតដោយសារ វិបត្តិកូវីដ ១៩ ។
តំណាងរាស្រ្ត Becha Saengchantra មកពីគណបក្សចលនាឆ្ពោះទៅមុខបាននិយាយ នៅក្នុងសភាកាលពីល្ងាចថ្ងៃសៅរ៍ថា “ ខាងរាជវង្សមិនបានបញ្ជូនអ្នកតំណាងម្នាក់ណាមកពន្យល់ពីការចំណាយរបស់ថវិកាទេ…មានតែឯកសារ ៧ ទំព័រប៉ុណ្ណោះដែលមិនមានការពន្យល់ច្រើននិងបានក្បោះក្បាយឡើយ” ។ យោងតាមឯឯកសារនោះ ការិយាល័យថវិការបស់ព្រះបរមរាជវាំងបានពន្យល់ដល់គណៈកម្មាធិការ ថវិការបស់សភាថៃថា ៩២ ភាគរយនៃថវិកាដែលបានបម្រុងទុកគឺ សម្រាប់ បើកប្រាក់ខែដល់បុគ្គលិក ១៤.២៧៥ នាក់របស់ខ្លួន។

ប្រភព៖ Straitstimes