នាយករដ្ឋមន្រ្តីស៊ុយអ៊ែត ប្រកាសលាលែងពីតំណែងនៅខែវិច្ឆិកាខាងមុខ
កាលពីថ្ងៃអាទិត្យនេះ នាយករដ្ឋមន្រ្តីស៊ុយអ៊ែតបានប្រកាសថាលោកនឹងលាលែងចេញពីតំណែងមុនការបោះឆ្នោតនៅឆ្នាំក្រោយដើម្បីផ្តល់ឱកាសដល់អ្នកស្នងតំណែងរបស់លោកក្នុងការកែលម្អជំហររបស់គណបក្សប្រជាធិបតេយ្យ។
នាយករដ្ឋមន្រ្តីស៊ុយអ៊ែត លោក Stefan Lofven បាននិយាយនៅក្នុងសុន្ទរកថាប្រចាំឆ្នាំថា៖ «នៅក្នុងយុទ្ធនាការបោះឆ្នោតឆ្នាំក្រោយគណបក្សសង្គមប្រជាធិបតេយ្យនឹងដឹកនាំដោយអ្នកផ្សេងក្រៅពីខ្ញុំ។ អ្វីគ្រប់យ៉ាងមានទីបញ្ចប់ហើយខ្ញុំចង់ផ្តល់អោយអ្នកស្នងតំណែងរបស់ខ្ញុំនូវលក្ខខណ្ឌល្អបំផុត» ។
គួរបញ្ជាក់ផងដែរថា លោក Lofven នឹងចុះចេញពីតំណែងនៅខែវិច្ឆិកាខាងមុខនេះ ហើយការបោះឆ្នោតជាសាកលគឺនឹងធ្វើឡើងនៅខែកញ្ញាឆ្នាំ ២០២២។
លោកស្រី Jenny Madestam អ្នកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Sodertorn បានប្រាប់ទីភ្នាក់ងារព័ត៌មានស៊ុយអែតថា អ្នកស្នងតំណែងលោក Lofven អាចមានរដ្ឋមន្ត្រីហិរញ្ញវត្ថុបច្ចុប្បន្នលោកស្រី Magdalena Andersson ។ លោកស្រីក៏បាននិយាយបន្ថែមថា រដ្ឋមន្រ្តីនៃក្រសួងថាមពល លោក Anders Ygeman រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Morgan Johansson រដ្ឋមន្ត្រីក្រសួងសហគ្រាសនិងនវានុវត្តន៍ លោក Ibrahim Baylan និងរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកស្រី Lena Hallengren ក៏អាចជាបេក្ខជនដែលអាចស្នងតំណាងរបស់លោក Lofven ផងដែរ។

ប្រភព៖ Reuters