ប្រេសិតពិសេស ស.អា.រ ទទួលបន្ទុកកូរ៉េខាងជើង ទៅកូរ៉េខាងត្បូងចរចាបំបាត់អាវុធនុយក្លេអ៊ែរ

លោក Sung Kim តំណាង​ពិសេស​របស់​សហរដ្ឋអាមេរិក​ទទួល​បន្ទុក​លើ​កិច្ចការ​កូរ៉េ​ខាង​ជើង បាន​ធ្វើ​ដំណើរ​មក​កាន់​រដ្ឋធានី​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង សម្រាប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​ ៤ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី២១ ដល់​ថ្ងៃ​ទី២៤ ខែ​សីហា ដោយ​លោក​ចូល​ជួប​មន្ត្រី​ការ​ទូត​ជាន់​ខ្ពស់​កូរ៉េ​ខាង​ត្បូង ដោយ​រាប់​បញ្ចូល​ទាំង​សមភាគី​របស់​លោក​គឺ លោក Noh Kyu-duk តំណាង​ពិសេស​កូរ៉េ​ខាង​ត្បូង​សម្រាប់​កិច្ចការ​សន្តិភាព និង​សន្តិសុខ​ឧបទ្វីប​កូរ៉េ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​អាមេរិក។

បើ​តាម​ប្រភព​ខាង​លើ លោក​Kim មាន​បំណង​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​កិច្ច​សហប្រតិបត្តិការ​របស់​សហរដ្ឋអាមេរិក និង​កូរ៉េ​ខាង​ត្បូង ក្នុង​ការ​ដោះស្រាយ​បញ្ហា​កូរ៉េ​ខាង​ជើង ដោយ​ខាង​អាមេរិក «​ចង់​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​ទាំង​ស្រុង​នៅ​កូរ៉េ​ខាង​ជើង និង​ស្វែងរក​សន្តិភាព​ជា​អចិន្ត្រៃយ៍​នៅ​ឧបទ្វីប​កូរ៉េ»។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​រ៉យទ័រ ដោយ​ផ្អែក​លើ​ប្រភព​ក្រសួង​ការបរទេស​កូរ៉េ​ខាង​ត្បូង អ្នក​ការ​ទូត​អាមេរិក​មាន​ដើម​កំណើត​កូរ៉េ​រូប​នេះ​បាន​ចូល​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ត្បូង​លោក Chung Eui-yong ដល់​និវេសនដ្ឋាន​របស់​លោក​តែ​ម្ដង កាល​ពី​ថ្ងៃ​សៅរ៍ កន្លង​ទៅ។ មន្ត្រី​ជាន់​ខ្ពស់​ទាំង​ពីរ បាន​ពិភាក្សា​ក្នុង​ការ​ស្វែងរក​ផ្លូវ​ណា​មួយ ដើម្បី​ពន្លឿន​ដំណើរ​ឆ្ពោះ​ទៅ​កាន់​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​។

ក្រៅ​ពី​ជួប​ជាមួយ​មន្ត្រី​កូរ៉េ​ខាង​ត្បូង លោក Sung Kim ក៏​នឹង​ជួប​ជាមួយ​អនុ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Igor Morgulov នា​ឯ​រដ្ឋធានី​សេអ៊ូល នៅ​ថ្ងៃ​អង្គារ៕

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner