រថយន្តHILUX REVO ពាក់ស្លាកលេខរដ្ឋ06 ពន្លះបង្កាន់ដៃស្ពានបាឡេរងការខូចខាតយ៉ាងដំណំ

  ភ្នំពេញ ៖  បុរសម្នាក់ទំនងជាស្រវឹងស្រា  បានបើករថយន្តមួយគ្រឿងម៉ាកHILUX REVO ក្នុងល្បឿនយ៉ាងលឿនហេីយរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកបង្កាន់ដៃស្ពានពេញទំហឹងបណ្ដាលឲ្យសំណាញ់និងបង្កាន់ដៃស្ពានរងការខូចខាត  ឯរថយន្តបង្កខូចផ្នែកខាងមុខស្ទើរទាំងស្រុងតែអ្នកបេីកបរមិនរងរបួស  ។ 
  ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង៨  និង៣០នាទីយប់  ថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅចំណុចលើស្ពានបាឡេ  ក្នុងសង្កាត់ជ្រោយចង្វារ  ខណ្ឌជ្រោយចង្វារ  រាជធានីភ្នំពេញ  ។ 
  តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា  មុនពេលកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តម៉ាកHILUX REVO  ពណ៌ខ្មៅពាក់ស្លាកលេខរដ្ឋ 06 2-0223 ធ្វើដំណើរលេីស្ពានបាឡេ  ទិសដៅពីលិចឡើងស្ពានឆ្ពោះទៅខាងកើត ខណៈមកដល់ចំណុចកើតហេតុពាក់កណ្ដាលស្ពាន  ស្រាប់តែរេចង្កូតមកខាងស្ដាំដៃបុកបង្កាន់ដៃស្ពានអមដោយសំណាញ់ពេញទំហឹង  បណ្ដាលឲ្យកំពិតដៃស្ពាននិងសំណាញ់រហែក  ដោយរថយន្តបង្កខូចមួយកំណាត់មុខ  ព្រមទាំងដាច់កង់មុខខាងឆ្វេងទៅលែងរួច។
  ក្រោយកេីតហេតុភ្លាមៗ  ម្ចាស់រថយន្តបង្កបានបើកទ្វារដើរគេចចេញបាត់ទុករថយន្តចោល លេីស្ពាន បាឡេ  ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានចុះមកដល់ហេីយទាក់ទងបន្តទៅសមត្ថកិច្ចជំនាញចរាចរណ៍មកធ្វេីការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក  នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  រង់ចាំឲ្យម្ចាស់ចូលខ្លួនដោះស្រាយតាមច្បាប់  ៕  ដោយ  ៖  ជីម  ភារ៉ា
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner