វ៉ាក់សាំងជំនួយចិន៦០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃនេះ (Video Inside)

វ៉ាក់សាំងស៊ីណូហ្វាមចំនួន៦០ម៉ឺនដូសដែលជាវ៉ាក់សាំងជំនួយនៃប្រទេសចិន បានដឹកមកដល់កម្ពុជានៅថ្ងៃទី ២៣សីហានេះ តាមរយៈជើងយន្តហោះ២ដាច់ដោយឡែកពីគ្នា ក្នុងនោះវ៉ាក់សាំងជំនួយ៥០ម៉ឺនដូសនៃជំនួយ សម្រាប់ក្រសួងការពារជាតិ បានដឹកមកដល់វេលារសៀល និងវ៉ាក់សាំង១០ម៉ឺនដូសទៀតសម្រាប់កាកបាទ ក្រហមកម្ពុជាត្រូវបានដឹកមកដល់វេលាល្ងាចថ្ងៃដដែលនេះ។

ពិធីទទួលវ៉ាក់សាំង៥០ម៉ឺនដូស នៃជំនួយសម្រាប់ ក្រសួងការពារជាតិ បានអញ្ជើញទៅទទួលដោយសម្តេចពិជ័យសេនាទៀបាញ់ដោយមានការអញ្ជើញចូលរួមពី ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោកវ៉ាងវិនធៀន ។

យោងស្ថានទូតចិន, ក្រសួងការពារជាតិកម្ពុជាទទួលបានវ៉ាក់សាំងជំនួយពីប្រទេសចិនចំនួន៣លាន៧សែនដូស ហើយរាប់ទាំងវ៉ាក់សាំង៥០ម៉ឺនដូសចុងក្រោយនេះថែមទៀត។ លោកឯកអគ្គរដ្ឋទូតចិនវ៉ាងវិនធៀន បានថ្លែងថា ដរាបណាកម្ពុជានៅមិនទាន់អស់ការឆ្លងកូវីដ១៩, ជំនួយវ៉ាក់សាំងរបស់ចិនចំពោះកម្ពុជា គឺនៅតែបន្តជារៀងរហូត ។

ឯកអគ្គរដ្ឋទូតលោកវ៉ាងវិនធៀនបានថ្លែងបញ្ជាក់ថាចិនតែងចាត់ទុកការលំបាកដែលកម្ពុជាបានប្រឈមគឺជាការ លំបាកនិងការប្រឈមរបស់ប្រទេសចិនផងដែរ។ លោកបន្តថាចិននឹងបន្តការផ្គត់ផ្គង់សម្ភារៈបង្កាកូវីដ១៩និងបន្ត ធ្វើជាបង្អែកយុទ្ធសាស្ត្រនៃការផ្គត់ផ្គង់ប្រភពវ៉ាក់សាំងសម្រាប់កម្ពុជា។

ដោយឡែកនាល្ងាចថ្ងៃទី២៣សីហាដដែលនេះផងដែរ វ៉ាក់សាំងស៊ីណូហ្វាម១០ម៉ឺនដូសផ្សេងទៀតដែលជាវ៉ាក់ សាំងជំនួយពីសមាគមជាតិកាកបាទក្រហមចិន បានប្រគល់មកកាកបាទក្រហមកម្ពុជាផងដែរក្នុងពិធីមួយដែល មានការអញ្ជើញចូលរួមដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន។

សេចក្ដីប្រកាសព័ត៌មានរបស់កាកបាទក្រហមកម្ពុជា ចាត់ទុកថា វ៉ាក់សាំងកូវីដ-១៩ដែលជាជំនួយរបស់កាក បាទក្រហមចិន បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាមធ្យោបាយដ៏មានអានុភាពបន្ថែមទៀត ក្នុងការបន្ត កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

កាកបាទក្រហមកម្ពុជា បានបញ្ជាក់ជុំវិញការប្ដេជ្ញាបន្តខិតខំចូលរួម និងសហការជាមួយនឹងរាជរដ្ឋាភិបាល ឲ្យ កាន់តែខ្លាំងក្លាមួយកម្រិតទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការចូលរួមចំណែកអប់រំផ្សព្វ ផ្សាយដល់ប្រជាពលរដ្ឋតាមសហគមន៍ដើម្បីអនុវត្តវិធាការសុខាភិបាល និងវិធានការរដ្ឋបាល ដើម្បីសុខភាព ល្អរបស់គ្រួសារមួយ សហគមន៍មួយ និងសង្គមជាតិទាំងមូល។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner