រាជរដ្ឋាភិបាលតម្រូវរថយន្តក្រោមផ្លាកលេខរដ្ឋ, លេខ ខ.ម និងលេខ ន.ប ត្រូវបង់ពន្ធ (Video Inside)
ម្ចាស់យានយន្តឯកជនទាំងឡាយណាដែលស្ថិតជ្រកក្រោមផ្លាកលេខរដ្ឋ, លេខខ.ម. និងលេខន.ប. នឹងលែង រួចខ្លួនលើការគេចពន្ធនោះបានទៀតឡើយ។ លិខិតរបស់ក្រសួងសេដ្ឋកិច្ចថ្ងៃទី២២សីហាឆ្នាំ២០២១ បានតម្រូវ ឲ្យរថយន្តទាំងនោះ ត្រូវមកបង់ពន្ធនាំចូល និងពន្ធផ្លូវប្រចាំឆ្នាំតាមច្បាប់។
លិខិតរបស់ក្រសួងសេដ្ឋកិច្ចដដែល បានបញ្ជាក់ថា សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែន បានសម្រេចយល់ព្រម លើសំណើរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយកំណត់ឲ្យយានយន្តឯកជនជ្រកក្រោមផ្លាកលេខរដ្ឋ ផ្លាកលេខ ខ.ម និង ន.ប ដែលមានចង្កួត ឆ្វេង និងពុំមានចុះបញ្ជីទ្រព្យរបស់រដ្ឋ, ត្រូវបង់ពន្ធលើមធ្យោយបាយដឹកជញ្ជូនប្រចាំឆ្នាំ និងបង់ពន្ធនាំចូលតាម ច្បាប់ជាធរមាន។
ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងថា យានយន្តនាំចូល គឺជាប្រភពចំណូលយ៉ាងសំខាន់សម្រាប់ ថវិកាជាតិ។ ក្នុងឆ្នាំ២០១៩ ចំណូលពីការនាំចូលទំនិញប្រភេទនោះទទួលបានជាងពាក់កណ្តាល នៃចំណូល សរុបដែលប្រមូលបានដោយអគ្គនាយកដ្ឋានគយ, និងនៅក្នុងឆ្នាំ២០២០តួលេខនោះបានធ្លាក់ចុះមកត្រឹម ៤៣% ដោយសារទីផ្សារយានយន្ត រងផលប៉ះពាល់ដោយសារកូវីដ-១៩៕