ពលរដ្ឋខេត្តកំពតជាង ២៣ម៉ឺននាក់ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

កំពត ៖ តាមរបាយការណ៍របស់មន្ទីរសុខាភិបាល នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋក្នុងទូទាំងខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានឲ្យដឹងថា លទ្ធផលនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ក្នុងខេត្តកំពត មានអាយុ១៨ ឆ្នាំឡើង គិតចាប់ពីថ្ងៃទី០២ ខែ មីនា ដល់ ថ្ងៃទី ២២ ខែ សីហា ឆ្នាំ២០២១ សម្រេចលទ្ធផលចំនួនសរុប ២៣០.៨៧៩នាក់ នៃប្រជាពលរដ្ឋគោលដៅសរុបចំនួន ៤៩០.៥៩៥នាក់ គិតជាអត្រាគ្រប់ដណ្ដប់នៃចំនួនប្រជាពលរដ្ឋក្នុងក្រុង ស្រុកទាំង៩ ស្មើនឹង ៤៧ភាគរយ។ ទន្ទឹមនឹងនោះ ពលរដ្ឋដែលបានចាក់ដូសទី៣ ឬដូសជំរុញមានចំនួន ៥.២៤៤នាក់ ចំណែកចំនួនប្រជាពលរដ្ឋមិនទាន់បានចាក់ចំនួន ២៦១.៤៦៣នាក់ ។

ហើយកិច្ចប្រជុំពេលនេះ ដើម្បីជំរុញតាមដាន និងធ្វើស្ថិតិបូកសរុបនូវចំនួនប្រជាពលរដ្ឋដែលបានទទួលវ៉ាក់សាំងរួច និងចំនួនអ្នកដែលមិនទាន់បានទួលវ៉ាក់សាំង គឺរកឲ្យឃើញនូវចំនួនទិន្នន័យពិតប្រាកដជាក់លាក់ ដើម្បីរាយការណ៍ទៅថ្នាក់ជាតិ ពិសេសតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីបន្តជំរុញការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ដោយស្ម័គ្រចិត្តជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា ក្នុងការឆ្លើយតប ទៅតាមផែនការ គ្រោងទុករបស់រាជរដ្ឋាភិបាល ត្រូវចាក់ជូនប្រជាពលរដ្ឋ ឲ្យបានយ៉ាងតិច១០លាននាក់ ។

ឯកឧត្តម ជាវ តាយ មានប្រសាសន៍ថា ការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ គឺជាការងារសំខាន់ ដែលប្រមុខរាជរដ្ឋាភិបាលតែងតែបានខិតខំយកចិត្តទុកដាក់ ស្វែងរកវ៉ាក់សាំង ដើម្បីយកមកចាក់ និងជំរុញការចាក់ឲ្យបានទាន់ពេលវេលា ជូនប្រជាពលរដ្ឋ និងជនបរទេសរស់នៅ ស្នាក់អាស្រ័យរយៈពេលវែងនៅកម្ពុជាឲ្យបានគ្រប់ៗគ្នាដោយមិនរើសអើង។

ឯកឧត្តម ជាវ តាយ អភិបាលខេត្តក៏បានណែនាំដល់អាជ្ញាធរក្រុង ស្រុក និងមន្ទីរជំនាញត្រូវជំរុញការផ្សព្វផ្សាយឲ្យបានទូលំទូលាយ លើកទឹកចិត្តប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ ឲ្យមកចាក់នៅតាមទីតាំងដែលបាននឹងកំពុងបើកដំណើរការផ្តល់ការចាក់វ៉ាកសាំង ៕ Sila Sarin

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner