បណ្ឌិត្យសភានគរបាលកម្ពុជាប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២១ របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមន្ត្រីពន្ធនាគារ
ដីឥដ្ឋ ៖ នៅរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមន្ត្រីពន្ធនាគារ បានរៀបចំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២១ របស់មជ្ឈមណ្ឌល តាមប្រព័ន្ធអនឡាញហ៊្សូម(ZOOM) ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ឈឹម ថាណាវណ្ណ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមន្ត្រីពន្ធនាគារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីនគរបាលជាតិនៃមជ្ឈមណ្ឌលផងដែរ។
ជាកិច្ចចាប់ផ្តើម លោកប្រធានអង្គប្រជុំ បានមានមតិស្វាគមន៍ សមាជិក សមាជិការអង្គប្រជុំ និងអនុញ្ញាតឱ្យវរសេនីយ៍ត្រី តិក សេងសុគន្ធ នាយរងការិយាល័យ អានសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២១ ជូនអង្គប្រជុំចូលរួមផ្តល់យោបល់ និងបំពេញបន្ថែមលើរបាយការណ៍នេះ។
អង្គប្រជុំបានពិភាក្សានិងចូលរួមផ្តល់យោបល់លើលទ្ធផលសម្រេចបាន ដែលបានលើកឡើងក្នុងសេចក្តីព្រាងរបាយការណ៍។ បន្ទាប់មក លោកប្រធានអង្គប្រជុំ បានមានប្រសាសន៍ណែនាំ និងដាក់ទិសដៅការងារបន្តសម្រាប់អនុវត្តខែសីហា ឆ្នាំ២០២១ រួមមាន៖
១- បន្តអនុវត្តគោលការណ៍ណែនាំ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រចារ្យ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងលិខិតបទដ្ឋាននានាពាក់ព័ន្ធមុខងាររបស់ខ្លួន
២- ត្រួតពិនិត្យអក្ខរាវិរុទ្ធ ខ្លឹមសារ និងដំណកឃ្លាលើរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២១ ឡើងវិញមុននឹងបញ្ជូនទៅមន្ទីរចាត់ការ
៣- ត្រៀមគ្រប់គ្រងថ្នាក់បរិញ្ញាបត្រជំនាញពន្ធនាគារ ជំនាន់ទី២-៣
៤- ត្រៀមរៀបចំកិច្ចប្រជុំចង្អៀតដើម្បីស្នើសុំគ្រឿងឥស្សរិយយស បណ្ណសរសើរ លិខិតសរសើរ សម្រាប់ឆ្នាំ២០២១ តាមសេចក្តីជូនដំណឹងរបស់មន្ទីរចាត់ការ
៥- បង្កើតក្រុមការងាររៀបចំចងក្រងសៀវភៅស្តីពីប្រវត្តិរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមន្ត្រីពន្ធនាគារ
៦- ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តការងាររបស់មជ្ឈមណ្ឌល
៧- បន្តគ្រប់គ្រងវត្តមាន-អវត្តមាន មន្ត្រីនគរបាលជាតិនៃមជ្ឈមណ្ឌល
៨- បន្តចូលរួមការធ្វើអនាម័យថ្នាក់រៀន ជុំវិញក្រៅ និងក្នុងបន្ទប់ធ្វើការ និងបរិស្ថានតំបន់E ដែលមជ្ឈមណ្ឌលទទួលខុសត្រូវ
៩- បន្តចូលរួមបង្ការទប់ស្កាត់ការរាលដាលឆ្លងជំងឺកូវីដ-១៩ អនុវត្តវិធានការណែនាំ ៣កុំ ៣ការពារ របស់រាជរដ្ឋបាលភិបាល និងក្រសួងសុខាភិបាល។
អង្គប្រជុំបានបញ្ចប់ប្រកបដោយបរិយាកាសរីករាយនិងស្និទ្ធស្នាលជាទីបំផុត។ដោយ-រ៉ាវុធ




