ក្រុមតាលីបង់ព្រមានពីផលវិបាកធ្ងន់ធ្ងរ បើសិនសហរដ្ឋអាមេរិកពន្យាពេលដកកងទ័ព និងជម្លៀសមនុស្សចេញពីអាហ្វហ្គានីស្ថាន
កាប៊ុល៖ ក្រុមតាលីបង់បានព្រមានថា វានឹងមានផលវិបាកធ្ងន់ធ្ងរ បើសិនសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តពន្យារពេលរក្សាវត្តមានកងទ័ពរបស់ពួកគេនៅក្នុងប្រទេសអាហ្វហ្គានីស្ថានលើសពីសប្តាហ៍ក្រោយ ចំពេលភាពចលាចលនៅតែបន្តកើតមាននៅឯអាកាសយានដ្ឋានក្រុងកាប៊ុល។
សហរដ្ឋអាមេរិកបានកំណត់ថ្ងៃទី៣១ ខែសីហាខាងមុខនេះ ជាថ្ងៃចុងក្រោយ នៃការដកកងទ័ព និងជម្លៀសមនុស្សចេញពីប្រទេសអាហ្វហ្គានីស្ថាន។ ប៉ុន្តែភាគីអង់គ្លេសកំពុងជំរុញឱ្យកាលបរិច្ឆេទផុតកំណត់នេះ បន្តលើសពីថ្ងៃទី៣១ខែសីហាបន្ថែមទៀត ដើម្បីបង្កើនចំនួនមនុស្សដែលខ្លួនអាចជួយសង្គ្រោះអោយចាកចេញពីប្រទេសអាស៊ីខាងត្បូងមួយនេះ។
ទោះជាយ៉ាងណា អ្នកនាំពាក្យក្រុមតាលីបង់លោក Suhail Shaheen បានប្រាប់ទូរទស្សន៍ Sky News ថា ប្រសិនបើសហរដ្ឋអាមេរិក ឬអង់គ្លេសស្វែងរកការពន្យារពេលបន្ថែម ដើម្បីការជម្លៀសរបស់ប្រជាជនពួកគេនោះ ចម្លើយគឺមិនបានទេ ឬអាចនឹងមានផលវិបាកធ្ងន់ធ្ងរ។ ការស្នាក់នៅលើសពីកាលកំណត់ដែលបានព្រមព្រៀងគ្នាគឺ «ឈ្លានពាន»៕ ប្រភព៖ CNA



