សហរដ្ឋអាមេរិកអាចនឹងបន្តប្រតិបត្តិការជម្លៀសមនុស្សហួសកាលបរិច្ឆេទកំណត់ថ្ងៃទី៣១ ខែសីហាខាងមុខនេះ

អាមេរិក៖ ក្រុមមន្ត្រីអាមេរិកនិយាយថា សហរដ្ឋអាមេរិកត្រូវតែធ្វើការសម្រេចចិត្តភ្លាមៗថាតើគួរតែអូសបន្លាយប្រតិបត្តិការជម្លៀសមនុស្ស ហួសកាលបរិច្ឆេទកំណត់ត្រឹមថ្ងៃទី៣១ ខែសីហានេះដែរឬក៏យ៉ាងណា ខណៈប្រជាជនអាហ្វហ្គានីស្ថាន និងជនបរទេសរាប់ពាន់នាក់នៅតែបន្តនាំគ្នាសម្រុកចូលអាកាសយានដ្ឋានក្រុងកាប៊ុល ដើម្បីចាកចេញពីអាហ្វហ្គានីស្ថានដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុនថា កងទ័ពអាមេរិកអាចនឹងបន្តស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន រហូតទាល់តែពលរដ្ឋអាមេរិកទាំងអស់ ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព។ ទន្ទឹមនេះ លោក បៃដិន ក៏បានព្រមានផងដែរថា ការជម្លៀសមនុស្សចេញនឹងពិបាកនិងឈឺចាប់ ហើយរឿងជាច្រើននៅតែអាចខុស ហើយថា កងទ័ពអាមេរិកអាចនឹងហួសពីថ្ងៃផុតកំណត់ថ្ងៃទី៣១ ខែសីហារបស់ពួកគេ ដើម្បីត្រួតពិនិត្យការជម្លៀស។
ទោះជាយ៉ាងណា មន្ត្រីអាមេរិក២រូបក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបញ្ជាក់ប្រាប់សារព័ត៌មានរ៉យទ័រថា សហរដ្ឋអាមេរិកអាចនឹងបន្តប្រតិបត្តិការជម្លៀសមនុស្សហួសកាលបរិច្ឆេទកំណត់ថ្ងៃទី៣១ ខែសីហា ស្របពេលមន្ត្រីក្រសួងការបរទេសអាមេរិកម្នាក់ទៀតក៏បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានដែរ ពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះប្រជាជនអាហ្វហ្គានីស្ថានងាយរងគ្រោះ ដោយសង្កត់ធ្ងន់ដូចគ្នាថា ការជម្លៀសនឹងមិនបញ្ចប់ត្រឹមថ្ងៃទី៣១ ខែសីហានោះទេ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner