ខេត្តស្វាយរៀង រកឃើញអ្នកជំងឺកូវីដ-១៩ ដែលមានផ្ទុកមេរោគបំប្លែងថ្មីដែលតា(Delta) ៧នាក់បន្ថែមទៀត
គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្តស្វាយរៀង នៅយប់ថ្ងៃទី២៣សីហាបានជូនដំណឹងថា កន្លងមកខេត្តស្វាយរៀងមានករណីវិជ្ជមានកូវីដ-១៩ប្រទេដែលតាចំនួន២៩នាក់។ គណៈកម្មការបានបន្តថា នៅថ្ងៃទី១៩ និងថ្ងៃទី២១សីហាឆ្នាំ២០២១ ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ខេត្ត ទទួលលទ្ធផលវិភាគសំណាកអ្នកជំងឺពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបញ្ជាក់ថាមានអ្នកផ្ទុកមេរោគកូវីដ-១៩ប្រភេទថ្មីដែលតាចំនួន៧នាក់បន្ថែមទៀត។
ក្នុងចំណៅមនោះ រកឃើញលើពលករមកពីប្រទេសវៀតណាមចំនួន៣នាក់, ពលករមកពីប្រទេសថៃម្នាក់ និងករណីឆ្លងចូលសហគមន៍៣នាក់។ រដ្ឋបាលខេត្តបានបញ្ជាក់ថា បច្ចុប្បន្នខេត្តស្វាយរៀង មានអ្នកជំងឺកូវីដ-១៩ ដែលផ្ទុកមេរោគប្រភេទថ្មីដែលតា សរុប៣៦នាក់ហើយ។
គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្តស្វាយរៀង បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលពាក់ពន្ធ័ដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ និងទីតាំងដែលមានការឆ្លង ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល២១ថ្ងៃដើម្បីតាមដានសុខភាព។ ក្នុងករណីមានអាការៈខុសពីប្រក្រតីដូចជា ក្ដៅខ្លួន, ក្អក, កណ្ដាស់, ឈឺបំពង់ក, ពិបាកដកដង្ហើម ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាកនៅក្នុងភូមិដ្ឋានរបស់ខ្លួន។


