អង្គការសុខភាពពិភពលោក ប្រគល់ថយន្ត ៣គ្រឿង និងសម្ភារៈពេទ្យតម្លៃជិត ៣៣ម៉ឺនដុល្លារដល់កម្ពុជា ដើម្បីប្រើប្រាស់ក្នុងការការពារទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

ពិធីប្រគល់-ទទួលជំនួយរបស់អង្គការសុខភាពពិភពលោក (WHO) ជូនរាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រួមជាមួយលោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា។ ពិធីនោះធ្វើឡើងនៅព្រឹកថ្ងៃទី២៤សីហាឆ្នាំ២០២១ នៅឃ្លាំងឱសថកណ្ដាល នៃក្រសួងសុខាភិបាល ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជំនួយទាំងនោះរួមមាន រថយន្តបំពាក់ប្រព័ន្ធត្រជាក់ធុនធ្ងន់សម្រាប់ដឹកវ៉ាក់សាំង ចំនួន៣គ្រឿង , សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត រួមមាន ម៉ាសចំនួន ១៦ម៉ឺនម៉ាស, ស្រោមដៃចំនួន១៦ម៉ឺន, ជែលលាងដៃ ចំនួន ៨ពាន់៧៥០ដប និង សម្ភារៈអប់រំសុខភាព ចំនួន៣០ម៉ឺន ដែលសរុបជាទឹកប្រាក់ចំនួន ៣២ម៉ឺន៨ពាន់៧៦ដុល្លារកន្លះ។ ក្នុងឱកាសនោះ តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកស្រីវេជ្ជបណ្ឌិត Li Ailan បានសម្ដែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ព្រមទាំងស្ថាប័នដែលពាក់ពន្ធ័ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាជនកម្ពុជាទាំងអស់ដែលបានចូលរូមការពារទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ ដែលរហូតមកដល់ពេលនេះស្ថានភាពនៃការរាលដាលព្រឹត្តិការណ៍សហគន៍២០កុម្ភៈឆ្នាំ២០២១ អាចគ្រប់គ្រងបាន។

លោកស្រីវេជ្ជបណ្ឌិត បានបន្តថា អង្គការសុខភាពពិភពលោកនឹងនៅតែបន្តកិច្ចសហការ និងគាំទ្រវិស័យសុខាភិបាលកម្ពុជា មិនត្រឹមតែការប្រយុទ្ធនឹងជំងឺកូវីដ-១៩ប៉ុណ្ណោះទេ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកសាស្ត្រាចារ្យម៉ម ប៊ុនហេង បានថ្លែងអំណរគុណចំពោះអង្គការសុខភាពពិភពលោកដែលតែងតែជួយឧបត្ថម្ភគាំទ្រទាំងថវិកា និងច្ចេកទេស ដល់វិស័យសុខាភិបាលកម្ពុជា ដែលសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់អង្គការសុខភាពពិភពលោកចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលបាន និងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ-១៩ឲ្យកាន់តែឆាប់រហ័ស។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner