កុមារនិងយុវវ័យនៅសៀមរាបសប្បាយចិត្ដដែលរដ្ឋាភិបាលផ្ដល់វ៉ាក់សាំងបង្ការកូវីដ១៩

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប ៖ ក្រុមកុមារនិងយុវវ័យជាច្រើននាក់ ដែលកំពុងរស់នៅក្នុងខេត្ដសៀមរាប បានសម្ដែងការសប្បាយចិត្ដក្រោយពួកគាត់ទទួលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី១ ដោយមិនគិតថ្លៃ ពីរាជរដ្ឋាភិបាល ។ ការលើកឡើងបែបនេះ នៅគ្រាដែលពួកគាត់បានទៅទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅក្នុងមណ្ឌលសុខភាពក្នុងសង្កាត់ជ្រាវ ខេត្ដសៀមរាប កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ ។

ក្រុមកុមារនិងយុវវ័យ ពួកគាត់បានលើកឡើងស្រដៀងៗគ្នាថា ការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទាំងប្រជាពលរដ្ឋ និងពួកគាត់ ដោយមិនគិតថ្លៃនាពេលនេះបានបង្ហាញថា រាជរដ្ឋាភិបាលបានយកចិត្ដទុកដាក់លើកុមារ និងយុវវ័យ ដែលជាទំពាំងស្នងឬស្សី គឺពិតជាធ្វើពួកគាត់សប្បាយចិត្ដ ព្រោះថា ការចាក់វ៉ាក់សាំងនេះ អាចជួយការពារបានពីមេរោគកូវីដ១៩ បើទោះបីមិនបាន ១០០ភាគរយក៍ដោយ ។ ពួកគាត់បានបន្ដថា ក្នុងអំឡុងពេលវិបត្ដិជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃប្រទេសកម្ពុជា បានចំណាយពេលវេលាដ៍មានតម្លៃស្វែងរកវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាពលរដ្ឋក៍ដូចកុមារ យុវវ័យ ដើម្បីបង្ការជំងឺកូវីដ១៩ នាពេលនេះ ។

លោក សុខ ថុល នាយករដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ ដូសទី១សម្រាប់កុមារ មានរយៈពេល១៤ថ្ងៃ ហើយកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ដល់១៧ឆ្នាំ ប្រមាណជាង ១២ម៉ឺននាក់ នឹងត្រូវទទួលបានការចាក់វ៉ាក់សាំងបង្កាជំងឺកូវិដ-១៩ជាបន្តបន្ទាប់ នៅតាមបណ្តាទីតាំងដែលបានរៀបចំទុកចំនួន ២២កន្លែង ដាក់ពង្រាយតាមបណ្តាស្រុក-ក្រុងទូទាំងខេត្ត ក្នុងនោះរួមមានរៀបចំតាមមណ្ឌលសុខភាពចំនួន ១៧កន្លែង និងនៅតាមបណ្តាទីតាំងមន្ទីរបង្អែកនានា ចំនួន ៥កន្លែងផ្សេងទៀត ។ លោកបានបញ្ជាក់បន្ថែមថា ក្នុងរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែសីហានេះ មានកុមារនិងយុវវ័យទៅទទួលវ៉ាក់សំាងបង្ការជំងឺកូវីដ១៩នេះនៅទូទាំងខេត្ដសៀមរាប មានចំនួន ១៤,២៦៧នាក់ ៕ ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner