យោធាអាមេរិកទុកពេលឱ្យលោកបៃដិន២៤ម៉ោង ក្នុងការសម្រេចពន្យារពេលការជម្លៀសចេញអាហ្វហ្គានីស្ថាន

កាល​ពី​ថ្ងៃ​ចន្ទ​​នេះ ​យោធា​សហរដ្ឋអាមេរិក​បាន​ប្រាប់​លោក​ប្រធានាធិបតី​ចូ បៃដិន​ថា​លោក​ត្រូវ​តែ​សម្រេច​ចិត្ត​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​នឹង​ពន្យារ​ការ​ជម្លៀស​ចេញ​ពី​អាហ្វហ្គានីស្ថាន​ឱ្យ​ហួស​ពី​ថ្ងៃ​ទី ៣១ សីហា​ដែរ​ ឬ​ទេ នេះ​បើ​តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន​ CNN ខណៈ​ពេល​ដែល​តាលីបង់​បាន​ព្រមាន​ថា​ការ​ពន្យារ​ណា​មួយ​នឹង​បង្ក​ «ផល​វិបាក​»​។

ប្រភព​របស់​ CNN ​និយាយ​ថា​ទីប្រឹក្សា​យោធា​បាន​ប្រាប់​សេតវិមាន​ថា​ការ​សម្រេច​ចិត្ត​ត្រូវ​តែ​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​មាន​ពេល​វេលា​គ្រប់គ្រាន់​ដើម្បី​ដក​កងទ័ព​ចំនួន ៥.៨០០ នាក់​ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល​។ ប្រសិន​បើ​លោក​បៃដិន​យល់​ស្រប​នឹង​ការ​ពន្យារ យោធា​រំពឹង​ថា​នឹង​មាន «ពីរ​បី​ថ្ងៃ​បន្ថែម​ទៀត» នៃ​ការ​ព្យាយាម​ជម្លៀស​មនុស្ស​ឱ្យ​បាន​ច្រើន​បំផុត មុន​ពេល​ការ​ដក​ទ័ព​អាមេរិក​ចាប់​ផ្ដើម​ដែល​អាច​នៅ​ចុង​សប្ដាហ៍​នេះ​។

នៅ​ត្រឹម​ថ្ងៃ​ចន្ទ​លោក​បៃដិន​គឺ​នៅ​កំពុង​ពិចារណា​នៅ​ឡើយ ប៉ុន្តែ​ទីប្រឹក្សា​របស់​លោក​ជា​ច្រើន​មាន​ការ​ប្រឆាំង​ចំពោះ​ការ​ពន្យារ​ ដោយ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ស្ថានភាព​សន្តិសុខ​នៅ​អាកាសយានដ្ឋាន​។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ក្រុម​មន្ត្រី​អាមេរិក​បាន​ឃ្លាំ​មើល​ការ​គំរាមកំហែង​ពី​ក្រុម​ភេរវកម្ម​ ដោយ​ផ្អែក​ព័ត៌មាន​ជាប់​លាប់​ នឹង​គួរ​ឱ្យ​ទុក​ចិត្ត​បាន​ថា​ស្ថានភាព​វឹកវរ​នៅ​ខាង​ក្រៅ​អាកាសយានដ្ឋាន​បាន​ក្លាយ​ជា​គោលដៅ​របស់​ក្រុម​ ISIS និង​ក្រុម​ភេរវកម្ម​ផ្សេង​ទៀត​។

ឱសានវាទ​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក​ចំពោះ​លោក​បៃដិន​ ធ្វើ​ឡើង​បន្ទាប់​ក្រុម​តាលីបង់​បាន​ប្រកាស​ត្រូវ​តែ​ដក​ទ័ព​ចេញ​ទាំង​អស់​ត្រឹម​ថ្ងៃ​កំណត់​ ទី​៣១ សីហា​ បើ​សិន​មិន​ចង់​មាន​ «ផល​វិបាក​។

មន្ត្រី​យោធា​អាមេរិក​និយាយ​ថា​បច្ចុប្បន្ន​ពួកគេ​នៅ​តែ​មាន​គម្រោង​គោរព​តាម​ថ្ងៃ​កំណត់​ ជា​មួយ​ការ​បង្កើន​ល្បឿន​នៃ​ជើង​ហោះហើរ​ជម្លៀស​មនុស្ស​ចេញ​រាប់​ពាន់​នាក់​ជា​រៀងរាល់​ថ្ងៃ​ហើយ​យោធា​អាមេរិក​ថែម​ទាំង​ចូល​ទីក្រុង​កាប៊ុល​តាម​ការ​ចាំបាច់​ដើម្បី​ទៅ​យក​មនុស្ស​។

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​អាមេរិក​លោក​ចន ឃឺប៊ី​និយាយ​ថា​ក្រសួង​នឹង​រៀប​ចំ​បេសកកម្ម​តាម​ថ្ងៃ​កំណត់​ទី​៣១ សីហា ហើយ​បន្ថែម​ទៀត​ថា​៖ «នោះ​គឺ​ជា​បេសកកម្ម​ដែល​យើង​ត្រូវ​បាន​ចាត់​តាំង​ដោយ​អគ្គ​មេបញ្ជាការ នោះ​គឺ​ជា​អ្វី​ដែល​យើង​កំពុង​ព្យាយាម​ប្រតិបត្តិ​»​។

បើ​ទោះ​បី​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​លោក​ជា​ច្រើន​ បាន​បង្ហាញ​ជា​សាធារណៈ​ថា​ការ​ពន្យារ​ហួស​ថ្ងៃ​ទី​៣១ សីហា​ក៏​ដោយ​ ក៏​លោក​បៃដិន​នៅ​និយាយ​ថា​ប្រសិន​បើ​ចាំ​បាច់​បេសកកម្ម​ជម្លៀស​អាច​បន្ត​រហូត​ដល់​ខែ​កញ្ញា​។ លោក​បៃដិន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​៖ «មាន​ការ​ពិភាក្សា​គ្នា​នៅ​ក្នុង​យោធា​អំពី​ការ​ពង្រីក​។ ក្ដី​សង្ឃឹម​របស់​ខ្ញុំ​គឺ​យើង​នឹង​មិន​ចាំបាច់​ពន្យារ​ទៀត​ទេ​»។

សមាជិក​សភា​តំណាង​មក​ពី​បក្ស​ប្រជាធិបតេយ្យ​លោក​អាដាម ស៊ីហ្វ​ ដែល​ជា​ប្រធាន​គណៈកម្មាធិការ​ចារកម្ម​នៃ​សភា​តំណាង​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​បន្ទាប់​ស្ដាប់​ការ​រាយការណ៍​របស់​មន្ត្រី​ចារកម្ម​អំពី​ស្ថានភាព​នៅ​អាហ្វហ្គានីស្ថាន​ លោក​មិន​ជឿជាក់​ថា​បេសកកម្ម​ជម្លៀស​មិន​ធ្វើ​រួច​ទាំង​ស្រុង​នៅ​ក្នុង​រយៈ​ពេល​ប្រាំបី​ថ្ងៃ​ខាង​មុខ​នេះ​ទេ​។

លោក​បៃដិន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ប្រកាស​ការ​សម្រេច​ចិត្ត​របស់​លោក​ក្នុង​កិច្ច​ប្រជុំ​តាម​សន្និសីទ​វីដេអូ​នៃ​មេ​ដឹកនាំ​ក្រុម​ប្រទេស​អ្នក​មាន​ G7​។

រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​បាន​ប្រកាស​ថា​នៅ​ក្នុង​កិច្ចប្រជុំ​ខាង​មុខ​នេះ​លោក​នាយករដ្ឋមន្ត្រី​បូរីស ចនសុន​នឹង​ស្នើ​ឱ្យ​អាមេរិក​ពន្យារ​បេសកកម្ម​របស់​ពួកគេ​។

ប្រទេស​បារាំង​ក៏​បាន​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ពេលវេលា​កំណត់​ដែល​នឹង​មក​ដល់​ ដោយ​និយាយ​ថា​ពួកគេ​ត្រូវ​ការ​ពេលវេលា​បន្ថែម​ទៀត​ដើម្បី​បញ្ចប់​ការ​ជម្លៀស​។

រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​លោក​ Heiko Maas បាន​និយាយ​ថា​លោក​កំពុង​ពិភាក្សា​ជា​មួយ​សម្ព័ន្ធមិត្ត​ណាតូ និង​ក្រុម​តាលីបង់​ដើម្បី​រក្សា​ប្រតិបត្តិការ​ជម្លៀស​ក្រោយ​ការ​ផុត​កំណត់​។

កាល​ពី​ថ្ងៃ​សៅរ៍​ប្រធាន​គោលនយោបាយ​ការបរទេស​សហភាព​អឺរ៉ុប​លោក Josep Borrell បាន​និយាយ​ថា​ការ​ជម្លៀស​បុគ្គលិក​អាហ្វហ្គានីស្ថាន​រាប់​ម៉ឺន​នាក់ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​មុន​ថ្ងៃ​កំណត់​គឺ​មិន​អាច​ទៅ​រួច​ទេ​៕

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner