សភាពរបស់អតីតប្រធានាធិបតីបូលីវី បានធូរស្រាលជាងមុន ក្រោយប៉ុនប៉ងធ្វើអត្តឃាតក្នុងពន្ធនាគារ
មន្រ្តីពន្ធនាគារលោក Juan Carlos Limpias និយាយប្រាប់សារព័ត៌មានកាលពីថ្ងៃអាទិត្យថា សភាពរបស់អតីតប្រធានាធិបតីបូលីវីលោកស្រី Jeanine Anez បានធូរស្រាលជាងមុនហើយ ក្រោយពីព្យាយាមធ្វើអត្តឃាតក្នុងពន្ធនាគារបន្ទាប់ពីព្រះរាជអាជ្ញាបូលីវីចោទប្រកាន់លោកស្រីពីបទ «ប្រល័យពូជសាសន៍» ចំពោះការស្លាប់របស់ក្រុមបាតុករកាលពីឆ្នាំ ២០១៩។
មន្ត្រីដដែលថា បច្ចុប្បន្នអ្នកស្រីកំពុងនៅជាមួយក្រុមគ្រួសារក្នុងពន្ធនាគារសម្រាប់ទោសឧក្រិដ្ឋ ព្រោះថាមានតែគ្រួសារទេដែលអាចជួយលោកស្រីឱ្យប្រសើរឡើង។ លោកស្រី Carolina Ribera ដែលជាកូនស្រីរបស់អ្នកនយោបាយរូបនេះនិយាយថា អ្នកស្រី Anez បានប៉ុនប៉ងធ្វើអត្តឃាតកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនដោយសារតែបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរជុំវិញការផ្តន្ទាទោសជាប់ពន្ធនាគាររយៈពេលយូររបស់ខ្លួន។
លោកស្រី Anez ត្រូវបានចាប់ឃុំឃាំងកាលពីដើមឆ្នាំនេះ ជុំវិញការចោទប្រកាន់ដែលថាលោកស្រីចូលរួមក្នុងការធ្វើរដ្ឋប្រហារទម្លាក់អតីតប្រធានាធិបតីក្រាញ់អំណាចលោក Evo Morales ក្នុងឆ្នាំ ២០១៩។ អ្នកស្រីបានបដិសេធការចោទប្រកាន់នេះ ហើយថាខ្លួនគឺជាជនរងគ្រោះនៃការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។
កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ អគ្គព្រះរាជអាជ្ញាលោក Juan Lanchipa បានប្រកាសពីបទចោទប្រកាន់ «ប្រល័យពូជសាសន៍» ប្រឆាំងនឹងអ្នកស្រី Anez ជុំវិញឧប្បត្តិហេតុចំនួនពីរនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ដែលធ្វើឱ្យបាតុករចំនួន ២២ នាក់បានស្លាប់ក្នុងការប៉ះទង្គិចជាមួយប៉ូលីស ដោយជនរងគ្រោះទាំងនោះ គឺជាអ្នកគាំទ្រលោក Morales ។ អ្នកស្រីក៏ប្រឈមមុខនឹងការចោទប្រកាន់ពីបទភេរវកម្ម ការញុះញង់ និងការសមគំនិតផងដែរ។
អតីតប្រធានាធិបតីបណ្ដោះអាសន្នអាយុ ៥៤ ឆ្នាំ និងជាអ្នកអភិរក្សនិយមរូបនេះ បានឡើងកាន់អំណាចនៅខែវិច្ឆិកា ឆ្នាំ ២០១៩ បន្ទាប់ពីលោក Morales បានលាលែងពីតំណែង ហើយភៀសខ្លួនចេញក្រៅប្រទេស បន្ទាប់ពីមានបាតុកម្មហឹង្សាជាច្រើនសប្តាហ៍ជុំវិញការបោះឆ្នោតឡើងវិញដ៏ចម្រូងចម្រាសរបស់លោកទៅអាណត្តិទី ៤ ដែលមិនស្របតាមរដ្ឋធម្មនុញ្ញ។
ក្រោមរដ្ឋបាលរបស់អ្នកស្រី Anez បូលីវីបានរៀបចំការបោះឆ្នោតដោយសន្តិវិធីប្រកបដោយតម្លាភាពក្នុងខែតុលា ឆ្នាំ ២០២០ គឺនៅពេលដែលលោក Luis Arce អ្នកការពាររបស់អតីតប្រធានាធិបតីនិរទេសខ្លួនលោក Morales បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី ដែលបើកផ្លូវឱ្យលោកបន្តចោទប្រកាន់ការឡើងកាន់ដំណែងរបស់លោកស្រី Anez ថាជារដ្ឋប្រហារ។

ប្រភព៖ Aljazeera