អ៊ីស្រាអែល ប្រឈមនឹងការរីករាលដាលយ៉ាងខ្លាំង បើទោះជាយុទ្ធនាការវ៉ាក់សាំងប្រព្រឹត្តិទៅយ៉ាងរលូនក្ដី
បើទោះជា យុទ្ធនាការវ៉ាក់សាំងរបស់អ៊ីស្រាអែល មានលឿនជាងគេនៅលើពិភពលោកក្ដី គេសង្កេតឃើញករណីឆ្លងក្នុងប្រទេសនេះ មានការកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ ដោយសារការរីករាលដាលនៃវ៉ារ្យ៉ង់ដែលតា។
អ៊ីស្រាអែល ជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងបានចាក់វ៉ាក់សាំងប្រជាជនភាគច្រើន ហើយនៅខែ មីនា ប្រជាជនអ៊ីស្រាអែលភាគច្រើនបានយកឈ្នះលើកូវីដទៅហើយ។ ហើយបើគិតត្រឹមខែ មិថុនា ប្រទេសបានបន្ធូរបន្ថយវិធានរឹតបន្តឹងមួយចំនួន រួមទាំងការពាក់ម៉ាសផងដែរ លើកលែងតែការរឹតបន្តឹងព្រំដែនចេញចូលប្រទេសប៉ុណ្ណោះ។
ប៉ុន្តែ ឥឡូវនេះអត្រាឆ្លង បានកើនឡើងដល់ ៥.៤ ភាគរយ ហើយនាយករដ្ឋមន្រ្តីប្រទេសនេះ គឺលោក Naftali Bennett បាននិយាយថា គាត់នឹងចាត់វិធានការគ្រប់បែបយ៉ាងតាមតែអាចធ្វើទៅបាន ដើម្បីបន្ថយអត្រាឆ្លង និងចៀសវាងការបិទខ្ទប់ប្រទេសជាលើកទី ៤។
អ្នកជំនាញផ្នែកសុខភាព បាននិយាយថា មានមូលហេតុសំខាន់ពីរយ៉ាង ដែលធ្វើឱ្យវ៉ារ៉្យង់ដែលតានេះរីករាលដាលខ្លាំងក្នុងប្រទេសនេះ គឺការកាត់បន្ថយវិធានពាក់ម៉ាស់កាលពីចុងខែ មិថុនា និងការប្រសិទ្ធិភាពរបស់វ៉ាក់សាំងក្នុងប្រទេស ដែលប្រើប្រាស់វ៉ាក់សាំង Pfizer ដែលមានប្រសិទ្ធិភាពទាបជាងវ៉ាក់សាំង Moderna។
សាស្ត្រាចារ្យ Cyril Cohen អនុប្រធានព្រឹទ្ធសភាវិទ្យាសាស្ត្រ នៅសាកលវិទ្យាល័យ Bar Ilan និងជាសមាជិកនៃការប្រឹក្សាវ៉ាក់សាំងការពារជំងឺឆ្លងរបស់ក្រសួងសុខាភិបាល បានមានប្រសាសន៍ថា៖ «វាជាការពិតណាស់ដែលថា វ៉ាក់សាំង Moderna ការពារមនុស្សពីការឆ្លងមេរោគបានល្អជាងវ៉ាក់សាំង Pfizer ប៉ុន្តែវ៉ាក់សាំងទាំងពីរនេះមានប្រសិទ្ធភាពស្ទើរតែដូចគ្នាក្នុងការប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ»។
ប្រភពដដែលបានបន្ថែមថា៖ «អ្វី ដែលសំខាន់វ៉ាក់សាំងទាំង ២ សុទ្ធតែជួយទប់ស្កាត់ករណីចូលមន្ទីរពេទ្យដូចគ្នា»។
ទោះយ៉ាងណា អ្នកជំនាញជាច្រើនក៏បានជឿជាក់ថា វ៉ាក់សាំងដូសទី ៣ ដែលប្រទេសនេះកំពុងចែកចាយអាចនឹងមានប្រសិទ្ធិភាពក្នុងការការពារវ៉ារ៉្យង់ដែលតា។ អ៊ីស្រាអែល បង្ហាញពីសញ្ញានៃការបង្រ្កាបវ៉ារ៉្យង់ដែលតា ដោយគេឃើញប្រទេសនេះចាប់ផ្ដើមបើកចំហរសេដ្ឋកិច្ចវិញ និងបានទប់ស្កាត់ករណីឆ្លងប្រចាំថ្ងៃសល់ត្រឹម ៧.៥០០ ករណីប្រចាំថ្ងៃ និងស្ទើរគ្មានករណីស្លាប់ទាល់តែសោះ។
អ្នកវិទ្យាសាស្ត្រ បានបន្ថែមថា ក្រៅពីកត្តាវ៉ាក់សាំងដូសទី ៣ កត្តាផ្សេងទៀត ក៏ទំនងជារួមចំណែកដល់ការថយចុះនៃករណីទាំងនេះផងដែរ។
លោក Eran Segal អ្នកវិទ្យាសាស្ត្រទិន្នន័យនៅវិទ្យាសា្ថន Weizmann បាននិយាយថា៖ «បើទោះចំនួនឆ្លងនៅខ្ពស់នៅឡើយក្ដី ប៉ុន្តែអ្វីដែលយើងមើលឃើញថាមានការផ្លាស់ប្តូរនោះគឺ ការកើនឡើងខ្ពស់នៃអត្រាឆ្លង និងករណីធ្ងន់ធ្ងរ ពោលគឺមានការថយចុះជាខ្លាំង»។
លោក Segal បានឱ្យដឹងថា៖ «នេះទំនងជា ដោយសារតែការចាក់វ៉ាក់សាំងលើកទី ៣ បើមិនវ៉ាក់សាំងនេះទេ ចំនួនករណីឆ្លងអាចកើតដល់ ១០ ម៉ឺននាក់ក្នុងសប្ដាហ៍ ប៉ុន្តែសំណាងល្អហើយ ដែលយើងមានភាពស៊ាំជាសហគមន៍»។
នៅថ្ងៃទី ៣០ ខែកក្កដា ប្រទេសអ៊ីស្រាអែលបានចាប់ផ្តើម យុទ្ធនាការចាក់វ៉ាក់សាំង Pfizer-BioNTech ដូសទី ៣ ដល់មនុស្ស ដែលមានអាយុលើសពី ៦០ ឆ្នាំ និងក្លាយជាប្រទេសដំបូង ដែលចាប់ផ្ដើមយុទ្ធនាការនេះ។
ហើយកាលពីថ្ងៃ ព្រហស្បតិ៍ កន្លងទៅ ប្រទេសនេះ បានពង្រីកសិទ្ធិទទួលបានវ៉ាក់សាំង ដល់មនុស្សអាយុ ៤០ ឆ្នាំឡើងទៅ ដោយវ៉ាក់សាំងដូសទី ២ ត្រូវមានគម្លាតយ៉ាងហោចណាស់ ៥ ខែ។ យ៉ាងណាមិញក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយនេះ ជំងឺរាតត្បាតកំពុងវាយលុកលើ ក្រុមមនុស្សនេះជាងមួយលាននាក់ ដែលបានទទួលថ្នាំបង្ការលើកទី ៣។ នេះយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលអ៊ីស្រាអែល និងអ្នកវិទ្យាសាស្ត្រ។
ដោយឡែក អត្រានៃការរីករាលដាលនៃជំងឺក្នុងចំនោមមនុស្ស ដែលទទួលវ៉ាក់សាំង ចាប់ពីអាយុ ៦០ ឆ្នាំឡើងទៅ បានចាប់ផ្តើមធ្លាក់ចុះជាលំដាប់នៅថ្ងៃទី ១៣ ខែសីហា ហើយបានធ្លាក់ចុះជាសញ្ញាណបង្ហាញថា វ៉ាក់សាំងដូសទី ៣ ពិតជាមានប្រសិទ្ធិភាព។

ប្រភព៖ Aljazeera