អ៊ីស្រាអែលទម្លាក់គ្រាប់បែកលើទីតាំងក្រុមហាម៉ាសនៅហ្កាហ្សា ពាក់ព័ន្ធការបង្ហោះប៉េងប៉ោងជាតិផ្ទុះ

កាល​ពី​ថ្ងៃ​អង្គារនេះ​ ​យោធា​អ៊ីស្រាអែល​បាន​ប្រកាស​ថា​យន្តហោះ​ចម្បាំង​របស់​ពួកគេ​បាន​ទម្លាក់​គ្រាប់​បែក​ទៅ​លើ​ទីតាំង​របស់​ក្រុម​ឧទ្ទាម​ហាម៉ាស់​នៅ​តំបន់​ហ្កាហ្សា​ ជា​ការ​ឆ្លើយ​ទៅ​នឹង​ការ​បង្ហោះ​ប៉េងប៉ោង​ផ្ទុក​ជាតិ​ផ្ទុះ​ចេញ​ពី​តំបន់​នេះ ដែល​បាន​បង្ក​ឱ្យ​មាន​អគ្គីភ័យ​នៅ​ដី​វាល​មួយ​កន្លែង​នៅ​ភាគ​ខាង​ត្បូង​អ៊ីស្រាអែល​។

មិន​មាន​របាយការណ៍​ភ្លាម​ៗ អំពី​ការ​ស្លាប់​និង​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​ទៅ​លើ​គោលដៅ​ដែល​យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា​ជា​កន្លែង​ផលិត​អាវុធ និង​ទីតាំង​បាញ់​គ្រាប់​រ៉ុក្កែត​ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុម​ហាម៉ាស​។

ចាប់​តាំង​ពី​បទ​ឈប់​បាញ់ ដែល​សម្រប​សម្រួល​ដោយ​អេហ្ស៊ីប បាន​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​រយៈពេល ១១ ថ្ងៃ​រវាង​អ៊ីស្រាអែល និង​ហាម៉ាស​កាល​ពី​ខែ​ឧសភា ក្រុម​ឧទ្ទាម​តំបន់​ហ្កាហ្សា​នេះ​ជា​រឿយ​ៗ​បាន​បង្ហោះ​ប៉េងប៉ោង​ផ្ទុក​ជាតិ​ផ្ទុះ​ទៅ​កាន់​អ៊ីស្រាអែល​ ដោយ​បង្ក​ឱ្យ​មាន​ការ​វាយ​ប្រហារ​សងសឹក​ពី​អ៊ីស្រាអែល​វិញ​។

ក្រុម​ហាម៉ាស​បាន​និយាយ​ថា​ការ​បង្ហោះ​ប៉េងប៉ោង​ទាំង​នេះ​គោលបំណង​ដើម្បី​ដាក់​សម្ពាធ​លើ​អ៊ីស្រាអែល​ឱ្យ​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​ការ​ចេញ​ចូល​តំបន់​ហ្គាហ្សា និង​អនុញ្ញាត​ឱ្យ​ជំនួយ​ទៅ​ដល់​ទឹកដី​ពួកគេ​។

អំពើ​ហិង្សា​ឆ្លង​ដែន​បាន​កើន​ឡើង​បើ​ទោះបី​ជា​មាន​ការ​ប្រកាស​ដោយ​អ៊ីស្រាអែល​កាល​ពី​សប្តាហ៍​មុន​អំពី​ការ​អនុញ្ញាត​ឱ្យ​បន្ត​ការ​ផ្ដល់​ជំនួយ​ដោយ​កាតា​ទៅ​ហ្កាហ្សា​ក៏​ដោយ​។ កាល​ពី​ថ្ងៃ​សៅរ៍​ប៉ូលិស​បាន​ធ្វើ​ការ​បាញ់​គ្រាប់​ពិត​ទៅ​កាន់​បាតុកម្ម​រៀប​ចំ​ដោយ​ហាម៉ាស​នៅ​តំបន់​ព្រំដែន​ ធ្វើ​ឱ្យ​ជនជាតិ​ប៉ាឡេស្ទីនចំនួន​​ ៤១​នាក់​រង​របួស​ក្នុង​នោះ ​២នាក់​រង​របួស​ធ្ងន់ធ្ងរ​៕

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner