បុរសម្នាក់ត្រូវរថយន្តកុងតឺន័រកិនបែកក្បាលស្លាប់យ៉ាងអាណោចអាធម៏ នៅចំការដូង ខណ្ឌដង្កោ
ភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿងបានបេីកកៀរបុរសម្នាក់កំពុងជិះម៉ូតូបណ្ដាលឲ្យដួលនិងកិនបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធម៏ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង៦ និង៣០នាទី ថ្ងៃអង្គារ៍ ទី២៤ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចមុខហាងនំបុ័ងស្ទឹងមានជ័យ តាមបណ្តាយផ្លូវ២១៧(ហៅផ្លូវចំការដូង) ក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ហន ណារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបេីកបររថយន្ត មានទីលំនៅភូមិទួលកំពតទីមួយ ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ(ស្លាប់នៅកន្លែងកើតហេតុ) ។
យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញ បុរសម្នាក់ជាជនរងគ្រោះបានជិះម៉ូតូម៉ាក HONDA.C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GG -5381 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បូងមកជេីងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាក FREIGHTLINER ពណ៌ខៀវលាយ(ស) ពាក់ស្លាកលេខស្វាយរៀង3A.1480 បេីកស្របទិសគ្នាហេីយបានកៀរដៃចង្កូតម៉ូតូជនរងគ្រោះបណ្ដាលឲ្យម៉ូតូដួលទៅផ្នែកម្ខាង រីឯជនរងគ្រោះដួលមកក្រោមកង់រថយន្តកុងតឺន័រកិនបែកមួកគូបនិងក្បាលជនរងគ្រោះស្លាប់មួយរពេច ភ្លាមៗអ្នកបេីកបររថយន្តបង្កបានរត់គេចពីកន្លែងកើតហេតុបាត់ស្រមោល ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយទាក់ទងបន្តទៅសមត្ថកិច្ចជំនាញឲ្យមកធ្វេីការវាស់វែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីមកដោះស្រាយពេលក្រោយ ។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ៕ ដោយ ៖ ជីម ភារ៉ា






