លោក ស៊ី ជីនពីង ប្រាប់លោក ដូណាល់ ត្រាំ ថា ចិនមានទំនុកចិត្ត និង សមត្ថភាពគ្រប់គ្រាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃវីរុសកូរ៉ូណា

ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានថ្លែងប្រាប់សមភាគីអាម៉េរិករបស់លោក គឺលោក ដូណាល់ ត្រាំ ថា កិច្ចប្រឹងប្រែងយ៉ាងក្លៀវក្លារបស់ប្រទេសចិន ក្នុងការគ្រប់គ្រង និងទប់ស្កាត់ ការរីករាលដាលនៃវីរុស កំពុងតែផ្តល់លទ្ធផលវិជ្ជមានដោយសន្សឹមៗ ហើយចិនមានទំនុកចិត្តលើខ្លួនឯងពេញទំហឹង ព្រមទាំងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីយកឈ្នះការរាត្បាតនៃវីរុសកូរ៉ូណាថ្មីនេះ។

ក្នុងឱកាសធ្វើកិច្ចសន្ទនាគ្នាតាមទូរស័ព្ទនៅថ្ងៃទី០៧ ខែកុម្ភៈនេះ  លោក ស៊ី បានសង្ឃឹមថា សហរដ្ឋអាម៉េរិកនឹងវាយតម្លៃលើស្ថានភាពវីរុសកូរ៉ូណា ក្នុងឥរិយាបថនឹងនរ និង មិនឆ្លេឆ្លា ហើយប្រកាន់យក និង សម្របសម្រួលចំណាត់ការឆ្លើយតបរបស់ខ្លួនឲ្យសមទៅតាមស្ថានភាពជាក់ស្តែង ខណៈភាគីទាំងពីរអាចបន្តរក្សាការទាក់ទងគ្នា ហើយពង្រឹងកិច្ចសហប្រតិបត្តិការ និង ចាប់ដៃគ្នាទប់ទល់ការរីករាលដាលនៃវីរុសដ៏កាចសាហាវនេះ ។

សូមបញ្ជាក់ថា កិច្ចពិភាក្សារបស់មេដឹកនាំប្រទេសទាំងពីរខាងលើនេះ បានកើតមានឡើងស្របពេលដែលបុគ្គលិកពេទ្យសរុប ១០.៥៩៦ នាក់ត្រូវបានបញ្ជូនទៅកាន់ខេត្តហ៊ូប៉ី នៅភាគកណ្តាលប្រទេសចិន ដើម្បីជួយដល់កិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូរ៉ូណា (2019-nCoV) ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner