ចិនព្រមព្រៀងកាត់បន្ថយពន្ធពាក់កណ្តាលលើទំនិញសហរដ្ឋអាម៉េរិក ដើម្បីបន្ធូរបន្ថយភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្មទ្វេភាគី
ចិន៖ ក្រសួងហិរញ្ញវត្ថុចិនបានប្រកាសថា អត្រាពន្ធលើទំនិញមួយចំនួនរបស់សហរដ្ឋអាម៉េរិក នឹងត្រូវកាត់បន្ថយពាក់កណ្តាល គឺពីអត្រា១០ភាគរយចុះមកនៅត្រឹម៥ភាគរយ និងមួយចំនួនទៀត ពី៥ភាគរយមកនៅត្រឹម២.៥ភាគរយជាដើម ហើយគោលការណ៍នេះ នឹងត្រូវចាប់ផ្តើមអនុវត្តន៍នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ។

បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុចិន ការបន្ថយអត្រាពន្ធនេះ គឺដើម្បីជួយជំរុញការកសាងទំនាក់ទំនងល្អនៅក្នុងវិស័យពាណិជ្ជកម្ម ក៏ដូចជាសេដ្ឋកិច្ចរវាងប្រទេសចិន និង សហរដ្ឋអាម៉េរិក ។

សូមបញ្ជាក់ថា ទំនិញនានារបស់សហរដ្ឋអាម៉េរិកដែលគិតជាទំហំទឹកប្រាក់៧៥ពាន់លានដុល្លារអាម៉េរិក ត្រូវបានចិនសម្រេចដំឡើងពន្ធកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ អំឡុងពេលដែលទីក្រុងវ៉ាស៊ីនតោន និង ទីក្រុងប៉េកាំងជួបភាពតានតឹងខ្លាំងរវាងប្រទេសទាំងពីរក្នុងសង្គ្រាមពាណិជ្ជកម្ម ។ ប៉ុន្តែកាលពីខែមករាកន្លងទៅនេះ ចិន និងសហរដ្ឋអាម៉េរិកទើបតែសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ដើម្បីបន្ធូរបន្ថយភាពតានតឹងខ្លះៗ ៕


