ក្រុមការងារសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាក្រុងសៀមរាប ខេត្តសៀមរាប បាននាំយកអំណោយមួយចំនួនដើម្បីប្រគល់ជូនដល់មណ្ឌលកុមារកំព្រាខេត្តសៀមរាប

សៀមរាប ៖ ក្រុមការងារសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាក្រុងសៀមរាប ខេត្តសៀមរាប បាននាំយកអំណោយមួយចំនួនដើម្បីប្រគល់ជូនដល់មណ្ឌលកុមារកំព្រាខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ លោកស្រី សួន មុលឡា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាក្រុងសៀមរាប តំណាង លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប បានដឹកនាំក្រុមការងារអនុប្រធាន ប្រធានផ្នែក សមាជិកសមាជិកា នាំយកអំណោយរបស់សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាក្រុងសៀមរាបទៅប្រគល់ជូនដល់មណ្ឌលកុមារកំព្រាខេត្តសៀមរាប ដែលមានទីតាំងនៅភូមិជ័យ សង្កាត់ទឹកវិល ក្រុងសៀមរាបខេត្តសៀមរាប ។

លោកស្រី សួន មុលឡា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាក្រុងសៀមរាប មានប្រសាសន៍ថា សម្ភារៈប្រើប្រាស់ទាំងនេះ គឺបានមកពីការចូលរួមរបស់សមាជិកសមាជិកាសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ដែលបានបរិច្ចាគធនធានថវិកាផ្ទាល់ខ្លួន ដើម្បីចូលរួមគ្នាក្នុងការទិញនូវសម្ភារៈប្រើប្រាស់ មកប្រគល់ជូនមណ្ឌលកុមារសម្រាប់ប្រើប្រាស់ទៅតាមតម្រូវការចាំបាច់។

លោកស្រី មានប្រសាសន៍ទៀតថា នៅក្នុងបរិបទជំងឺកូវីដ-១៩នេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ក្នុងការធ្វើអនាម័យជាប្រចាំ ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើង ក៏ដូចជាសង្គមជាតិទាំងមូលផងដែរ ។ ជាពិសេសវិធានការរបស់រាជរដ្ឋាភិបាល គឺ៣កុំ និង ៣ការពារ ដើម្បីរួមគ្នាការពារទប់ស្កាត់កុំឱ្យមេរោគដ៍សាហាវនេះ រីករាលដាលបន្តឆ្លងចូលសហគមន៍ ក្នុងនោះត្រូវការពារដោយការពាក់ម៉ាស់ ការលាងសំអាតដៃឱ្យបានញឹកញាប់ ការរក្សាគម្លាតសុវត្ថិភាពសង្គមបុគ្គលពីម្នាក់ទៅម្នាក់ឱ្យបានយ៉ាងតិចមួយម៉ែត្រកន្លះ និងកុំចូលទៅទីកន្លែងបិទជិតខ្វះខ្យល់ចេញចូលនិងប្រើម៉ាស៊ីនត្រជាក់ច្រើន, កុំទៅទីដែលមានមនុស្សច្រើនកុះករ, កុំប៉ះពាល់គ្នា និងកុំជួបជុំគ្នាច្រើនជាដើម ដើម្បីយើងរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

គួររំលឹកថា ចំពោះអំណោយដែលបានផ្ដល់ជូនមណ្ឌលកុមារកំព្រាខេត្តសៀមរាប ជារួមមាន៖ ទឹកសុទ្ធចំនួន ១៥ កេស កង្ហាជាប់ជញ្ជាំងចំនួន ៦គ្រឿង ទឹកអាល់កុល (២៥០ml) ចំនួន៤០ដប សៀវភៅចំនួន ២០០ក្បាល ក្តារខៀនឈុតចំនួន ៤០ឈុត ប៊ិចចំនួន ១០០ដើម ខ្មៅដៃចំនួន ១០០ដើម បន្ទាត់ចំនួន ៤០ដើម ជ័រលុបចំនួន៤០ដុំ និងអំណោយរបស់សហភាពសហព័ន្ធយុវជនកម្ពុជាដែលត្រូវប្រគល់ជូនមណ្ឌលកុមារកំព្រាផងដែររួមមាន៖ កាបូបសិក្សាចំនួន ៤០កាបូប (សៀវភៅចំនួន ៥ក្បាល ប៊ិច ២ដើម ខ្មៅដៃ ១ដើម ជ័រលុប ១ដុំ ទឹកលុប ១ដើម បន្ទាត់ ១ដើម ប្រដាប់ខួងខ្មៅដៃ ១) ទឹកដោះគោចំនួន ៤៨កំប៉ុង ត្រីខចំនួន ១០០កំប៉ុង ម៉ាស់ ចំនួន ២៥០០ម៉ាស ៕ ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner