ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាក ford ranger មួយគ្រឿងបើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្ត toyota hillux revo ពីចំហៀងបណ្ដាលឱ្យរងការខូចខាតបន្តិចបន្តួច ដោយភាគីទាំងពីរជជែកវែកញែកយកត្រូវរៀងខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុកាលពីវេលាម៉ោង៦និង២០នាទី ព្រលប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខសាលាបឋមសឹក្សាភ្នំពេញថ្មី តាមបណ្តោយផ្លូវភ្នំពេញហាណូយ កែងនឹងផ្លូវ២៨ គ្រួសារ ក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្ត toyota hillux revo មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BE-1116ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយ ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តស៊េរីទំនើបម៉ាកford ranger មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BG-8325ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៨គ្រួសារទិសដៅពីលិចទៅកើតជ្រុលទៅបុក ចំហៀងខាងឆ្វេងរថយន្តhillux revo បណ្ដាលឲ្យរថយន្តទាំងសងខាងរងការខូចខាតបន្តិចបន្តួចដូចគ្មា បន្ទាប់មកភាគីទាំងពីរជជែកយកត្រូវរៀងរៀងខ្លួន។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិតមួយម៉ោង ទើបត្រូវគ្នា ដោយខាងភាគីរថយន្ត ford rangerបានចេញសំណងចំនួន១០០ដុល្លារទៅឲ្យខាងភាគីរថយន្ត hillux revo ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ដោយ ៖ ជីម ភារ៉ា