ក្រសួងការពារជាតិជប៉ុនប៉ងចង់បង្កើនថវិកាសម្រាប់វិស័យយោធា ទប់ទល់នឹងការគំរាមកំហែង

ក្រសួង​ការពារ​ជាតិ​ជប៉ុន​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ បាន​ធ្វើ​ការ​ដាក់​សំណើ​បង្កើន​កញ្ចប់​ថវិកា​រហូត​ទៅ​ដល់​ប្រមាណ ៥,៤៨ទ្រីលាន​យ៉េន ឬ ប្រហាក់ប្រហែល​នឹង ៤៩ប៊ីលាន​ដុល្លារ សម្រាប់​ចំណាយ​លើ​វិស័យ​យោធា​ក្នុង​ឆ្នាំ២០២២។

យោង​តាម​ឯកសារ​សំណើ​កញ្ចប់​ថវិកា​សម្រាប់​ឆ្នាំ២០២២ ជប៉ុន​មាន​បំណង​បន្ត​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​តាម​រយៈ​ការ​ស្រាវជ្រាវ​បច្ចេកវិទ្យា​ថ្មីៗ​នានា ហើយ​ព្រម​ទាំង​បំប៉ន​សមត្ថភាព​យោធា​របស់​ខ្លួន​ផ្នែក​អវកាស​ ផ្នែក​ប្រព័ន្ធ​សន្តិសុខ​អ៊ីនធឺណិត ក៏​ដូច​ជា​ផ្នែក​អេឡិចត្រូម៉ាញេទិច​ផង​ដែរ។

បន្ថែម​ពី​លើ​នេះ តាម​រយៈ​កញ្ចប់​ថវិកា​នេះ​ជប៉ុន​ក៏​មាន​បំណង​ក្នុង​ការ​ការពារ​កោះ​ដាច់​ស្រយាល​របស់​ខ្លួន ដោយ​ក្នុង​នោះ​ក៏​មាន​ប្រជុំ​កោះ​ជម្លោះ Senkaku ដែល​កាន់កាប់​ដោយ​ជប៉ុន និង​ទាមទារ​ដោយ​ចិន និង​តៃវ៉ាន់​ផង​ដែរ។

យ៉ាងណាមិញ សំណើ​ថវិកា​នេះ​អាច​នឹង​ត្រូវ​ធ្វើ​ការ​វិសោធនកម្ម​ដោយ​ក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន មុន​នឹង​បញ្ជូន​ទៅ​កាន់​គណៈរដ្ឋមន្ត្រី​។ ប្រសិន​បើ​គ្រប់​យ៉ាង​មិន​ប្រែប្រួល​នោះ​ទេ កញ្ចប់​ថវិកា​សម្រាប់​វិស័យ​ការពារ​ជាតិ​ជប៉ុន​មាន​ការ​កើន​ឡើង​រយៈពេល ១០ឆ្នាំ​ជាប់​គ្នា​ហើយ ដោយ​ឆ្នាំ២០២២ អាច​នឹង​កើន​ពី​កញ្ចប់​ឆ្នាំ២០២១​ប្រមាណ ២,៦%។

ការ​បង្កើន​កញ្ចប់​ថវិកា​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ជប៉ុន​បាន​ចេញ​ផ្សាយ​នូវ​សៀវភៅ​ស​ការពារ​ជាតិ​របស់​ខ្លួន​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ ដោយ​ចាត់​ទុក​ថា​ការ​បង្កើន​អានុភាព​យោធា​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ជា​ការ​គំរាមកំហែង ខណៈ​សកម្មភាព​របស់​ចិន​នៅ​ក្បែរ​ប្រជុំ​កោះ​ជម្លោះ​បង្ក​ជា​ការ​ព្រួយបារម្ភ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ​របស់​ជប៉ុន៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner