ចិនប្រាប់អាមេរិកថា យោធាចិន «មិនខ្លាចស្លាប់នោះទេ» ក្រោយកងទ័ពអាកាសអាមេរិកចង់ពង្រឹងអានុភាពដើម្បី «បន្លាចចិន»
មន្ត្រីយោធាជើងអាកាសជាន់ខ្ពស់របស់ចិនមួយរូបបាននិយាយថា យោធាចិនមិនខ្លាចនឹងអានុភាពរបស់កងទ័ពសហរដ្ឋអាមេរិកឡើយ ដោយលើកយកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រកាលពីអតីតកាលអំពីការប្រឈមមុខដាក់គ្នាផ្នែកយោធារវាងចិន និងអាមេរិកមកធ្វើជាឧទាហរណ៍។

អ្នកនាំពាក្យកងទ័ពជើងអាកាសចិនលោក Shen Jinke បានលើកឡើងកាលពីថ្ងៃអង្គារថា «កងទ័ពជើងអាកាសរបស់យើងតែងតែមានពាក្យស្លោកពីរគឺ ទីមួយ យើងមិនខ្លាចនឹងភាពលំបាកវេទនា និងទីពីរ យើងមិនខ្លាចនឹងសេចក្ដីស្លាប់»។
ជាមួយគ្នានេះដែរ លោកក៏បានសង្កត់ធ្ងន់ថា ចិនមិនខ្លាចនឹងការប្រឈមមុខដាក់គ្នាឡើយ ដោយលោកផ្អែកតាមព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយចំនួននៅពេលអតីតកាលដែលមានដូចជា ការចូលរួមរបស់កងទ័ពចិនទៅក្នុងសង្គ្រាមកូរ៉េប្រឆាំងនឹងសហរដ្ឋអាមេរិក។ លោកក៏លើកយករឿងដែល ចិនធ្លាប់បាញ់ទម្លាក់យន្តហោះចារកម្ម ដែលអាចហោះរហូតដល់រយៈកម្ពស់ប្រមាណ ២គីឡូម៉ែត្ររបស់អាមេរិកគឺយន្តហោះ U-2 ចំនួន ៥គ្រឿង កាលពីសម័យសង្គ្រាមត្រជាក់។
សង្គ្រាមកូរ៉េបានកើតឡើងអំឡុងឆ្នាំ១៩៥០ និងឆ្នាំ១៩៥៣ ដែលជាការប្រយុទ្ធគ្នារវាងកងទ័ពកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ នៅពេលនោះកូរ៉េខាងជើងបានធ្វើការឈ្លានពានកូរ៉េខាងត្បូងមុន។ ក្រោយពេលឈ្លានពានភ្លាមៗ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏ចេញសេចក្ដីសម្រេចចិត្តមួយ ដែលបង្កើតឱ្យកងទ័ពទៅអន្តរាគមន៍នៅឧបទ្វីបកូរ៉េ។ កងទ័ពនោះដឹកនាំដោយសហរដ្ឋអាមេរិក។
ចិនដីគោក ដែលនៅកាលនោះមិនទាន់បានកៅអីនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏បានបញ្ជូនទ័ពទៅច្បាំងជាមួយកូរ៉េខាងជើង ប្រឆាំងនឹងកងទ័ពកូរ៉េខាងត្បូង និងទាហានអាមេរិក ហើយជាលទ្ធផលកូរ៉េទាំងពីរបានបែងចែកត្រឹមខ្សែបន្ទាត់ស្របទី៣៨។
ចំណែកឯព្រឹត្តិការណ៍ចិនបាញ់ទម្លាក់យន្តហោះ U-2 វិញ កើតឡើងអំឡុងឆ្នាំ១៩៦២ ដល់ឆ្នាំ១៩៦៧។ នៅពេលនោះអ្នកដែលបើកយន្តហោះ U-2 មិនមែនទាហានអាមេរិកនោះទេ ពោលគឺទាហានរបស់តៃវ៉ាន់។ ខណៈនៅពេលនោះជាសម័យសង្គ្រាមត្រជាក់ អាមេរិកបានផ្ដល់យន្តហោះ U-2 ឱ្យតៃវ៉ាន់ជួយស៊ើបការមើលសមត្ថភាពនុយក្លេអ៊ែររបស់ចិន ហើយព្រមទាំងឈ្លបយកការនៅតំបន់ឥណ្ឌូចិន ដែលកំពុងរ៉ាំរ៉ៃដោយសង្គ្រាមវៀតណាមនៅជំនាន់នោះ។
បន្ថែមពីលើនេះទៅទៀត អ្នកនាំពាក្យកងទ័ពអាកាសចិនក៏បានបន្តថា «ទាហានជើងអាកាសរបស់ចិន នឹងការពារសន្តិសុខដែនអាកាសឱ្យបានជាដាច់ខាត ហើយព្រមទាំងការពារផលប្រយោជន៍នៃការអភិវឌ្ឍរបស់ប្រទេស ដូច្នេះហើយទើបគណបក្សកុម្មុយនិស្ត និងប្រជាជនចិននៅបានសុខ»។
ការលើកឡើងបែបនេះធ្វើឡើងមុនពេលនឹងការដាក់តាំងពិពណ៌អំពីយន្តហោះយោធានានារបស់ចិន ដែលនឹងធ្វើឡើងនៅចុងខែកញ្ញាខាងមុខនេះ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះដែរ ការលើកឡើងដូច្នេះគឺជា ការឆ្លើយតបនឹងសំណួររបស់អ្នកកាសែតមួយរូប ដែលសួរអំពីចំណាប់អារម្មណ៍របស់កងទ័ពជើងអាកាសចិន ឆ្លើយតបនឹងពាក្យពេចន៍របស់លោក Frank Kandell រដ្ឋលេខាធិការកងទ័ពអាកាសអាមេរិក។
ខណៈពេលដែលលោកទើបតែចូលកាន់តំណែង លោក Kandell និយាយប្រាប់សារព័ត៌មាន Defence News កាលពីពាក់កណ្ដាលខែសីហាថា គោលដៅរបស់កងទ័ពអាកាសអាមេរិកនោះគឺ អភិវឌ្ឍន៍បច្ចេកវិទ្យាដែលឈានមុខគេ ដែលអាច «បន្លាចចិន»។
ជាមួយនឹងរឿងនេះដែរ លោកបានអះអាងថាអ្វីៗគ្រប់យ៉ាងគឺអាស្រ័យលើសភាជាន់ទាបអាមេរិក ដែលអនុញ្ញាតឱ្យបញ្ចេញសាច់ប្រាក់សម្រាប់ស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាយោធាផ្នែកអាកាស។ លើសពីនេះទៅទៀត លោកក៏បានអះអាងថា លោកបានតាមដានការធ្វើទំនើបកម្មផ្នែកយោធារបស់ចិនយ៉ាងយកចិត្តទុកដាក់។
«ពួកគេ [ចិន] កំពុងតែដើរលឿនជាងអ្វី ដែលយើងស្មានទុកមុនទៀតផង។ ដូច្នេះហើយ យើងមានរឿងជាច្រើនដែលត្រូវធ្វើ»។ នេះបើតាមការលើកឡើងរបស់លោក Kandell៕