ជនអន្តោប្រវេសន៍អាហ្វហ្គានីស្ថានជាប់គាំងក្នុងព្រៃ ខណៈដែលអាជ្ញាធរព្រំដែនប៉ូឡូញ និងបេឡារូសប្រឈមមុខដាក់គ្នា
ជនជាតិអាហ្វហ្គានីស្ថានមួយក្រុមបានជាប់នៅក្នុងព្រៃមួយក្នុងតំបន់សនៃព្រំដែនរវាងប្រទេសប៉ូឡូញ និងបេឡារូសអស់រយៈពេលបីសប្ដាហ៍មកហើយ ខណៈពេលដែលកងកម្លាំងសន្តិសុខប៉ូឡូញមិនអនុញ្ញាតឱ្យពួកគេចូលទឹកដីខ្លូន ហើយកងកម្លាំងបេឡារូសក៏មិនអនុញ្ញាតឱ្យពួកគេវិលត្រឡប់ចូលបេឡារូសវិញ។

ស្ថានភាពនៃជនអន្តោប្រវេសន៍ទាំង៣២រូប ដែលសកម្មជនបានលើកឡើងថាកំពុងខ្វះអាហារ និងខ្លះកំពុងឈឺធ្ងន់ បានទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសាធរណជននៅប៉ូឡូញ និងអន្តរជាតិ។
ការប្រឈមមុខដាក់គ្នារវាងប៉ូឡូញ និងបេឡារូសកើតឡើងខណៈពេលដែលមានការកើនឡើងនៃលំហូរជនអន្តោប្រវេសន៍ ដែលភាគច្រើនមកពីប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន ចូលតំបន់ដអឺរ៉ុបតាមរយៈប្រទេសបេឡារូស។ សហភាពអឺរ៉ុបបានចោទប្រកាន់ប្រធានាធិបតីបេឡារូសលោកអាឡិចសាន់ឌឺ លូកាសិនកូថាបានជំរុញលំហូរជនអន្តោប្រវេសន៍នេះ ដើម្បីដាក់សម្ពាធឱ្យអឺរ៉ុបដកការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលរបស់លោក។
ក្នុងឆ្នាំនេះប្រទេសប៉ូឡូញបានកត់ត្រាការឆ្លងដែនខុសច្បាប់ពីបេឡារុសយ៉ាងហោចណាស់ ចំនួន៣០០០ នាក់ ខណៈពេលដែលប្រទេសលីទុយអានីបានកត់ត្រាយ៉ាងហោចណាស់ ៤០០០ នាក់។ រដ្ឋាភិបាលប្រទេសទាំងពីរបាននិយាយថាពួកគេមិនអាចទទួលជនអន្តោប្រវេសន៍បន្ថែមទៀតពីព្រំដែនបេឡារូសទេ ហើយបានបង្កើនចំនួនកម្លាំងឆ្មាំព្រំដែន និងចាប់ផ្ដើមសាងសង់របងព្រំដែនរៀងៗខ្លួន។
កាលពីថ្ងៃអង្គាររដ្ឋាភិបាលប៉ូឡូញបានស្នើឱ្យសភារបស់ពួកគេអនុម័តការដាក់តំបន់ព្រំដែនជាមួយបេឡារូសក្រោមស្ថានភាពអាសន្ន។ ប្រទេសលីទុយអានីក៏បានធ្វើការប្រកាសស្រដៀងនឹងនេះផងដែរ ហើយបានអំពាវនាវឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មបន្ថែមទៀតលើបេឡារូស។ ប្រទេសទាំងពីរបានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះគណបក្សប្រឆាំងនៅបេឡារូសក្នុងកំឡុងពេលបាតុកម្មកាលពីឆ្នាំមុន ហើយបានផ្ដល់សិទ្ធជ្រកកោនដល់មេដឹកនាំសំខាន់មួយចំនួននៃចលនាប្រឆាំង៕