លោកបៃដិនការពារការសម្រេចចិត្តដកទ័ពអាមេរិក បន្ទាប់តាលីបង់ប្រកាសជ័យជម្នះ
កាលពីថ្ងៃអង្គារ ទី៣១ សីហាប្រធានាធិបតីសហរដ្ឋអាមេរិកលោកចូ បៃដិនធ្វើការការពារយ៉ាងខ្លាំងចំពោះការដកទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថានដោយនិយាយថាវាជា «ការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់អាមេរិក» ដើម្បីបញ្ចប់ទាំងសង្គ្រាមដ៏យូរបំផុតរបស់សហរដ្ឋអាមេរិក និងកិច្ចខិតខំប្រឹងប្រែងគ្មានផ្លែផ្កាជាច្រើនទសវត្សរ៍ដើម្បីសាងសង់ប្រទេសនេះឡើងវិញ។

ក្នុងការថ្លែងសុន្ទរកថាចំពោះប្រជាជាតិជាលើកដំបូងចាប់តាំងពីទាហានអាមេរិកចុងក្រោយចាកចេញពីប្រទេសអាហ្វហ្គានីស្ថានកាលពីមួយថ្ងៃមុន លោកបៃដិនបាននិយាយថា៖ «នេះគឺជាការសម្រេចចិត្តត្រឹមត្រូវ ការសម្រេចចិត្តដ៏ឈ្លាសវៃ ហើយជាការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់អាមេរិក»។
លោកបៃដិនបាននិយាយថាជំពាក់ការដឹងគុណចំពោះទាហានទាំង១៣រូបដែលបាត់បង់ជីវិតក្នុងកំឡុងពេលនៃបេសកកម្មជម្លៀសប្រជាជនចេញពីក្រុងកាប៊ុល ប៉ុន្តែលោកមិនបានធ្វើការសុំទោសចំពោះការសម្រេចចិត្តរបស់លោកក្នុងការបញ្ចប់សង្គ្រាម ឬរបៀបដែលរដ្ឋបាលអនុវត្តបេសកកម្មដ៏ច្របូកច្របល់នោះទេ។
លោកបៃដិនហាក់ដូចជាមានចេតនាបដិសេធការរិះគន់ចំពោះការបញ្ចប់សង្គ្រាមរយៈពេល ២០ ឆ្នាំនេះ ដោយរំលឹកឡើងវិញអំពីវិធីនៃការសម្រេចចិត្តរបស់លោក ហើយធ្វើការបន្ទោសទៅលើអតីតប្រធានាធិបតីដូណាល់ ត្រាំថាបានការចរចាកិច្ចព្រមព្រៀងមិនល្អជាមួយក្រុមតាលីបង់ ដែលធ្វើឱ្យរដ្ឋបាលលោកមានការលំបាក។
«នោះគឺជាជម្រើស ជម្រើសពិតប្រាកដរវាងការចាកចេញ ឬការបង្កើនបន្ថែមទៀត» លោកបៃដិននិយាយក្នុងសំឡេងមានកំហឹង ហើយបន្តទៀតថា៖ «ខ្ញុំនឹងមិនបន្តសង្គ្រាមមិនចេះចប់នេះទេ ហើយខ្ញុំក៏មិនបន្តការចាកចេញមិនចេះចប់ដែរ»។
លោកក៏បានបន្ទោសរដ្ឋាភិបាលធ្លាក់ពីអំណាចរបស់លោកអាស្រាហ្វ ហ្គានី ដែលអសមត្ថភាពក្នុងការទប់ទល់ការវាយលុកយ៉ាងរហ័សរបស់ក្រុមតាលីបង់ ដែលបង្កឱ្យមានការជម្លៀសដ៏អាម៉ាស់នេះ។
លោកបៃដិននិយាយថា៖ « ប្រជាជនអាហ្វហ្គានីស្ថានបានមើលការដួលរលំរដ្ឋាភិបាលរបស់ពួកគេផ្ទាល់ និងប្រធានាធិបតីរបស់ពួកគេបានរត់គេចខ្លួនចំពេលមានការចោទប្រកាន់អំពីអំពើពុករលួយ និងភាពមិនប្រក្រតី ហើយបានប្រគល់ប្រទេសនេះទៅឱ្យសត្រូវតាលីបង់ និងបង្កើនហានិភ័យយ៉ាងខ្លាំងដល់បុគ្គលិកអាមេរិក និងសម្ព័ន្ធមិត្តរបស់យើង»។
ការសម្រេចចិត្តរបស់លោកបៃដិនក្នុងដំណាក់កាលចុងក្រោយនៃសង្គ្រាមនៅអាហ្វហ្គានីស្ថាន បានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពីសមាជិកគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យផ្ទាល់របស់លោក ព្រមទាំងសម្ព័ន្ធមិត្តបរទេសផងដែរ។
ប្រជាជនអាមេរិកភាគច្រើនយល់ស្របនឹងការដកចេញរបស់លោកបៃដិន ប៉ុន្តែបានរិះគន់ភាពច្របូកច្របល់ និងការស្លាប់នៅដំណាក់កាលចុងក្រោយនៃការជម្លៀស។
លោកបៃដិននិយាយថា៖ «ខ្ញុំទទួលខុសត្រូវចំពោះការសម្រេចចិត្តនេះ។ ឥឡូវនេះអ្នកខ្លះនិយាយថាយើងគួរតែចាប់ផ្ដើមការជម្លៀសប្រជាជនឱ្យបានឆាប់ ហើយអាចធ្វើឡើងដោយមានសណ្ដាប់ធ្នាប់។ ខ្ញុំមិនយល់ស្របទេ»។
ខណៈពេលជើងហោះហើរយោធាអាមេរិកចុងក្រោយចាកចេញពីអាហ្វហ្គានីស្ថាន ក្រុមតាលីបង់បានប្រកាសជ័យជម្នះលើសង្គ្រាម២០ឆ្នាំនេះ។ តាលីបង់ឥឡូវនេះគ្រប់គ្រងទឹកដីធំជាងនៅពេលដែលពួកគេកាន់អំណាចដំបូង មុនពេលការបណ្ដេញចេញពីអំណាចដោយអាមេរិកកាលពីឆ្នាំ២០០១។ យ៉ាងណាមិញ មុនពេលការថ្លែងរបស់លោកបៃដិន អង្គការសហប្រជាជាតិបានព្រមានអំពី «មហន្តរាយមនុស្សធម៌» ដ៏ធ្ងន់ធ្ងរមួយដែលនឹងកើតឡើងក្នុងប្រទេសអាហ្វហ្គានីស្ថានដោយសារគ្រោះរាំងស្ងួត។ នេះគឺជាបញ្ហាប្រឈមដ៏ធំមួយដែលក្រុមតាលីបង់ត្រូវដោះស្រាយ ខណៈពេលដែលពួកគេផ្លាស់ប្ដូរពីក្រុមឧទ្ទាម ទៅជារដ្ឋាភិបាល ដែលមិនទាន់បញ្ជាក់ច្បាស់លាស់អំពីរចនាសម្ព័ន្ធនៅឡើយ៕