អតិផរណានៅតំបន់ចាយប្រាក់អឺរ៉ូកើនឡើងដល់ ៣ ភាគរយ

អតិផរណា​នៅ​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ ​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ជិត​មួយ​ទសវត្សរ៍​ ដោយ​បន្ថែម​សម្ពាធ​លើ​ធនាគារ​កណ្តាល​អឺរ៉ុប​ ដើម្បី​បន្ថយ​ល្បឿន​នៃ​ការ​ទិញ​មូលបត្រ​បំណុល​របស់​ខ្លួន​។​

​សន្ទស្សន៍​ថ្លៃ​ទំនិញ​ប្រើ​ប្រាស់​ប្រចាំ​ឆ្នាំ​នៃ​តំបន់​ឈាន​ដល់ ​៣ ​ភាគរយ​នៅ​ក្នុង​ខែ​សីហា ​កើន​ឡើង​ពី​ ២,២ ​ភាគរយ​នៅ​ក្នុង​ខែ​កក្កដា​ ខ្ពស់​ជាង​អត្រា​ឆ្នាំ​មុន​ និង​ការ​រំពឹង​ទុក​របស់​អ្នក​សេដ្ឋកិច្ច​ភាគ​ច្រើន​ ដែល​ជា​លទ្ធផល​នៃ​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​នា​ពេល​ថ្មី​ៗ​នេះ​។​

​តម្លៃទំនិញ​ប្រើ​ប្រាស់​មិន​​ដែល​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​បែប​នេះ​ទេ​ នៅ​ក្នុង​ប្លុក​​​​នៃ​ប្រទេស​ទាំង​១៩​ ចាប់​តាំង​ពី​ខែ​វិច្ឆិកា​ ឆ្នាំ ​២០១១ ​នៅ​ពេល​​ធនាគារ​កណ្តាល​អឺរ៉ុប​ទើប​តែ​ដំឡើង​អត្រា​ការ​ប្រាក់​សម្រាប់​តំបន់​​​។ ​អត្រា​អតិផរណា​ខ្ពស់​បំផុត​ចន្លោះ​ពី​ ៤,៥ ​ទៅ​ ៥ ​ភាគរយ​គឺ​នៅ​អេស្តូនី​ លីទុយអានី​ និង​បែលហ្ស៊ិក​។ ​បច្ចុប្បន្ន​មាន​តែ​ប្រទេស​​ចំនួន​ ៤​ ប៉ុណ្ណោះ​ដែល​មាន​អតិផរណា​ក្រោម​ ២​ ភាគ​រយ​ ធ្លាក់​ចុះ​ពី​​ ១៦​ ប្រទេស​កាល​ពី​ខែ​មីនា​។​

​អ្នក​ជំនាញ​ថា​ ​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពី​ផល​ប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​ ថ្លៃ​ថាមពល​ខ្ពស់​ ការ​ផ្លាស់​ប្តូរ​នៃ​ការកា​ត់​បន្ថយ​ពន្ធ​បន្ថែម​របស់​អាល្លឺម៉ង់​កាល​ពី​ឆ្នាំ​មុន​ និង​ការ​រាំង​ស្ទះ​ដល់​ចង្វាក់​ផ្គត់​ផ្គង់​ ជា​កត្តា​ដែល​ធ្វើ​ឱ្យ​មាន​កំណើន​អតិផរណា​។​ ​

​កាល​ពី​ឆ្នាំ​មុន​ តម្លៃ​ថាមពល​​កើន​ឡើង​ ១៥,៤ ​ភាគ​រយ​ ​គ្រឿង​ស្រវឹង​និង​ថ្នាំ​ជក់​បាន​កើន​ឡើង​ ២ ​ភាគរយ​ និង​ទំនិញ​ឧស្សាហកម្ម​​កើន​ឡើង​ ២,៧ ​ភាគ​រយ​។​ ​អតិផរណា​ស្នូល​ (Core Inflation) ​ដែល​មិន​រាប់​បញ្ចូល​ថាមពល​​ ម្ហូប​អាហារ​ គ្រឿង​ស្រវឹង​ និង​ថ្នាំ​ជក់​ ​កើន​ឡើង​ទ្វេ​ដង​ដល់ ​១,៦ ​ភាគរយ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ឆ្នាំ​ ២០១២​។​

សេដ្ឋវិទូ​ភាគ​ច្រើន​រំពឹង​ថា​ អតិផរណា​នឹង​ធ្លាក់​ចុះ​ម្តង​ទៀត​នៅ​ឆ្នាំ​ក្រោយ​ដោយ​សារ​កត្តា​នាំ​ហេតុ​បណ្តោះ​អាសន្ន​បច្ចុប្បន្ន​ថយ​ចុះ​។​​ ជាមួយ​គ្នា​នេះ​ អតិផរណា​ក៏​កំពុង​កើន​ឡើង​នៅ​ក្នុង​ប្រទេស​ជាច្រើន​ ​ខណៈ​ដែល​សេដ្ឋកិច្ច​ពិភព​លោក​កំពុង​ងើប​ឡើង​វិញ​ពី​ផល​ប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​ ដោយ​បង្កើន​សម្ពាធ​លើ​ធនាគារ​កណ្តាល​ឱ្យ​​ចាប់​ផ្តើម​កាត់​បន្ថយ​ការ​ជំរុញ​សេដ្ឋកិច្ច​ដោយ​ប្រើ​រូបិយ​វត្ថុ​ដែល​ខ្លួន​បាន​ចាប់​ផ្តើម​កាល​ពី​ឆ្នាំ​មុន​។​

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner