អភិបាលរាជធានីភ្នំពេញបញ្ជាក់ថា អត្រាឆ្លងជម្ងឺកូវីដ-១៩បានថយចុះ នាប៉ុន្មាន​សប្តាហ៍ចុងក្រោយនេះ

ភ្នំពេញ៖ ការស្រោចវ៉ាក់សាំងជូនប្រជាលរដ្ឋនិងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយនិងអនុគណៈកម្មការទាំង៣ បានធ្វើអោយការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ មានការថយចុះយ៉ាងខ្លាំង ពោលគឺបានថយចុះពី៣ខ្ទង់និងបន្តចុះមកនៅចំនួន​២ខ្ទង់ថែមទៀត​«គឺពី១០០០មកនៅជាង១០០ហើយធ្លាក់មកនៅ៦០ជាង» ។ការថយចុះនេះជាសញ្ញាដ៏ល្អមួយក្នុងការបើករាជធានីភ្នំពេញទៅជាធម្មតាឡើងវិញ ទាំងវិស័យទេសចរណ៍និងសាលារៀន ស្របទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

  នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference )ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នារសៀលថ្ងៃទី០១ កញ្ញានេះ នៅសាលារាជធានីភ្នំពេញ ដើម្បីរិះរកគ្រប់មធ្យោបាយ ឈានទៅរក ការកាត់ផ្តាច់អោយបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេស មេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតា(Delta)។

  ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ជម្ងឺកូវីដ-១៩បានថយចុះយ៉ាងខ្លាំងក្នុងរយៈពេល២ទៅ៣សប្តាហ៍ចុងក្រោយនេះ ដែលពីមុនមានអ្នកជម្ងឺកវីដ-១៩ ពី៤ខ្នងធ្លាក់មកនៅ៣ខ្ទង់និងបន្តចុះមកនៅត្រឹម២ខ្ទង់ថែមទៀត។ នេះជាសញ្ញាដ៏ល្អមួយ ដើម្បីបើករាជធានីភ្នំពេញអោយមកជាធម្មតាវិញ ទាំងវិស័យទេសចរណ៍និងការបើកសាលារៀនឡើងវិញ ស្របទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

   ឯកឧត្តមបន្តថា ការថមថយនៃឆ្លងជម្ងឺកូវីដ-១៩នេះ ពិតជាបានមកពី ការស្រោចវ៉ាក់សាំងជូនប្រជាលរដ្ឋ របស់សម្តេចតេជោហ៊ុន សែន និងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយនិងអនុគណៈកម្មការទាំង៣ ។ ឯកឧត្តម ឃួង ស្រេង បន្តថា យើងបានអនុវត្តការងារ លើការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩នេះ បានល្អប្រសើរហើយ ដោយពីមុនមានអ្នកជម្ងឺកវីដ-១៩ កើតមានរហូត ៤ខ្នង បានធ្លាក់មកនៅ៣ខ្ទង់និងបន្តចុះមកនៅត្រឹម២ខ្ទង់ថែមទៀត ចំណែក អ្នកស្លាប់ដោយជម្ងឺកូវីដ-១៩ បានថយចុះពី៣០នាក់ មកនៅត្រឹម៦នាក់ឬ២នាក់ប៉ុណ្ណោះ ក្នុង១ថ្ងៃ។ ដែលនេះជាមោទនភាពរបស់យើងទាំងអស់គ្នា ដែលយើងត្រូវតែខិតខំប្រឹងប្រែងបន្តទៀត។

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ក៏បានមានប្រសាសន៍បញ្ជាក់អោយដឹងផងដែរថា រាជធានីភ្នំពេញបានឈានទៅរកភាពល្អប្រសើរហើយ បើយើងមើលទៅលើលទ្ធផលនៃការឆ្លងជម្ងឺកូវីដ-១៩ ក្នុងរយៈពេល២ទៅ៣សប្តាហ៍ចុងក្រោយនេះ ពោលគឺក្នុងចំនួនមនុស្ស១៨៩៨នាក់ដែលត្រូវយកសំណាក់ រកឃើញមានវិជ្ជមានកូវិដ-១៩ ចំនួនតែ២៨នាក់ប៉ុណ្ណោះ ស្មើនឹង៣,៥៦ភាគរយក្នុងនោះមានប្រភេទ ដែលតា ចំនួន១១នាក់ស្មើនឹង១,៤៨ភាគរយ។ លទ្ធផលនេះ គឺពិតជាបានមកពីការស្រោចវ៉ាក់សាំងជូនប្រជាលរដ្ឋនិងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយនិងអនុគណៈកម្មការទាំង៣៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner