អភិបាលខេត្តបាត់ដំបង ជម្រុញឲ្យមន្ទីរសុខាភិបាលខេត្តពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញជូនដល់លោកគ្រូ-អ្នកគ្រូ និងកុមារ១២ឆ្នាំ-១៧ឆ្នាំ ដើម្បីឲ្យកូនៗក្មួយៗនិងចៅៗ បានចូលរៀនឡើងវិញ
អភិបាលខេត្តបាត់ដំបង បានថ្លែងដាស់តឿននិងធ្វើការក្រើនរំលឹកដល់អាជ្ញាធរនៃរដ្ឋបាលស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការជំរុញដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិ-ឃុំរបស់ខ្លួន ឲ្យមកទទួលការចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗគ្នា តាមរយៈ នៃគោលការណ៍ស្ម័គ្រចិត្ត ខណៈដែលរាជរដ្ឋាភិបាលបានខិតខំនិងផ្តល់វ៉ាក់សាំងចាក់ជូនបងប្អូនដោយឥតគិតថ្លៃ។ ហើយនៅពេលនេះ ការចាក់វ៉ាក់សាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានខិតខំជម្រុញដល់ក្រុមគ្រូពេទ្យរបស់សុខាភិបាល និងកងកម្លាំងទាំង៣ប្រភេទបានចុះជួយចាក់ជូនបងប្អូនស្ទើរតែដល់កាំជណ្តើរផ្ទះ បងប្អូនរួចទៅហើយ។ដូចនេះ សូមបងប្អូនដែលមិនទាន់បានចាក់ រួសរាន់ប្រញាប់ប្រញាល់ទៅទទួលយកនូវការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗ តាមទីតាំងដែលអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុកខ្លួនបានកំណត់។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងខណៈដែលឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារនៃប្រតិភូមួយក្រុម ចុះពិនិត្យស្វែងយល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងកុមារ-យុវវ័យ ចាប់ពីអាយុ១២ដល៎១៧ឆ្នាំនៅតាមមណ្ឌលនានា តាមបណ្តាស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង ជាបន្តបន្ទាប់មកនេះ។ជាពិសេសនៅក្នុងស្រុកចំនួន០៣ រួមមាន៖ ស្រុកគាស់ក្រឡ ស្រុកមោងឫស្សី និង ស្រុករុក្ខគីរី កាលពីព្រឹកថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២១នេះ។
ឯកឧត្តម អភិបាលខេត្តបាត់ដំបង បានថ្លែងបន្តទៀតថា៖មកដល់ពេលនេះរាជរដ្ឋាភិបាល បានផ្តល់នូវវ៉ាក់សាំងការពារជំងឺកូវីដ-19 ដើម្បីចាក់ជូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង និងមានគ្រប់គ្រាន់សម្រាប់ជូនបងប្អូនក្នុងចំណោមប្រជាពលរដ្ឋដែលត្រូវចាក់សរុបជាង៨០ម៉ឺននាក់។ ហើយមកដល់ពេលនេះ ខេត្តបាត់ដំបងយើងចាក់បានប្រមាណជាង៥០ម៉ឺននាក់ហើយ។ ឯកឧត្តម ក៏បានរំលេចឲ្យដឹងផងដែរថា៖ ការជម្រុញនិងការពន្លឿនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋពីអាយុ១៨ឆ្នាំឡើង ក្មួយៗកុមារនិងយុវវ័យ ចាប់ពីអាយុ១២ដល់១៧ឆ្នាំ គឺក្នុងគោលបំណង ដើម្បីឈានទៅបញ្ចប់នូវព្រឹត្តិការណ៍២០កុម្ភៈ និងពិនិត្យលទ្ធភាពក្នុងការឈានទៅបើកសាលារៀនឡើងវិញ នៅពេលឆាប់ៗខាងមុខនេះ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានធ្វើការណែនាំ និងប្រាប់ ឲ្យមន្ទីរសុខាភិបាលខេត្តបាត់ដំបង ត្រូវពិនិត្យ និងផ្តល់វ៉ាក់សាំងឲ្យមកមណ្ឌល់ចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់កុំឲ្យមានការយឺតយ៉ាវនិងចៀសវាងភាពអសកម្មដោយប្រការណាមួយ។ឯកឧត្តម ក៏បានបញ្ជាក់យ៉ាងច្បាស់ដល់មន្ត្រីសុខាភិបាល ក្រុមគ្រូពេទ្យនៃកងកម្លាំងចម្រុះ ដែលមកពីអង្គភាពចំណុះយោធភូមិភាគទី៥ មកពីតំបន់ប្រតិបត្តិការសឹករងខេត្ត-ស្រុក និងមន្ទីរពេទ្យនៃស្នងការដ្ឋាននគរបាលខេត្តនិងកម្លាំងយុវជនស.ស.យ.ក នៅតាមមណ្ឌលចាក់វ៉ាក់សាំងត្រូវបន្តនូវកិច្ចសហការគ្នាឲ្យបានល្អត្រូវបើកចិត្តឲ្យទូលាយក្នុងការផ្តល់ នូវការវាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ដោយមិនគិតថាមកពីណា នៅភូមិឃុំណាឬមកពីស្រុកណានោះទេ។ ពេលគាត់មកដល់ត្រូវបំពេញបែបបទឲ្យគាត់បានចាក់ឲ្យបានគ្រប់ៗគ្នា។ អ្វីដែលផ្តោតសំខាន់ទៀតនោះគឺ៖ មិនថាមនុស្សចាស់១៨ឆ្នាំឡើងឬក៏កុមារនិងយុវវ័យអាយុ១២ដល់១៧ឆ្នាំនោះទេ?នៅពេលពួកគាត់មកដល់មណ្ឌលចាក់វ៉ាក់សាំងហើយ គឺត្រូវតែចាក់ឲ្យពួកគាត់។ការធ្វើបែបនេះទើបឆ្លើយតបទៅគោលនយោបាយក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងផែនការក្នុងការចាក់ជូនប្រជាពលរដ្ឋ ១០លាននាក់ របស់ រាជរដ្ឋាភិបាល។
ឯកឧត្តម ងួន រតនៈ ក៏បានក្រើនរំលឹកដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបងទៀតថា៖ដើម្បីឆ្លើយតបទៅនិងគោលការណ៍របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលគ្រោងបើកសាលារៀនឡើងវិញ ដូចនេះមន្ត្រីសុខាភិបាល ត្រូវពន្លឿននិងផ្តល់ការចាក់វ៉ាក់សាំងដូសទី៣ ជាដូសជំរុញ ជូនលោកគ្រូ អ្នកគ្រូ ឲ្យបានមុនការបើកសាលាឡើងវិញ។ត្រូវពន្លឿនការចាក់វ៉ាក់សាំងដល់ក្មួយៗកុមារនិងយុវវ័យឲ្យឆ្លើយតបតាមផែនការទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ។ហើយក្នុងនោះត្រូវពន្លឿនការចាក់វ៉ាក់សាំងដូសទី១ ជូនប្រជាពលរដ្ឋ និងបងប្អូនប្រជាពលករ ដែលទើបតែវិលត្រឡប់ និងមិនទាន់បានចាក់ ឲ្យបានចាក់ដូសទី១ ឲ្យបានគ្រប់ៗគ្នា។
ក្នុងដំណើរចុះពិនិត្យមើលនូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងនោះឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងឯកឧត្តម ងួន រតនៈអភិបាលខេត្ត បាននាំយកនូវអំណោយជាភេសជ្ជៈម៉ាស់ អាល់កុល និង មិ មួយចំនួន ដែលជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវជូនទៅដល់ក្រុមគ្រូពេទ្យចម្រុះនៅតាមមណ្ឌលចាក់វ៉ាក់សាំង តាមបណ្តាស្រុកទាំង៣ខាងលើផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )