អង្គការសហប្រជាជាតិចាត់ទុកកម្ពុជាជាជ័យលាភីអនុវត្តកតិកាសញ្ញាពិភពលោក GCM (Video Inside)
មន្ត្រីកម្ពុជាបានថ្លែងថាអង្គការសហប្រជាជាតិបានចាត់កម្ពុជា ជាប្រទេសទទួលជោគជ័យក្នុងការអនុវត្តបាន ល្អលើកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្ដរប្រវេសន៍។ កតិកាសញ្ញាពិភពលោកសម្រាប់ទេសន្ដរប្រវេសន៍ ដោយសុវត្ថិភាព, រៀបរយ និងស្របច្បាប់ GCM ដែលមានន័យពេញថា Global Compact for Safe, Orderly and Regular Migration គឺជាកិច្ចព្រមព្រៀងរបស់ពិភពលោកដែលចុះហត្ថលេខាដោយប្រទេសចំនួន១៩២ ក្នុងនោះ រួមមានប្រទេសកម្ពុជាផងដែរ។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃលោកស្រីជួប៊ុនអេង ដែល ជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធ ប្រឆាំងនឹងអំពើជួញដូរមនុស្ស បានប្រាប់កាសែតក្នុងស្រុកថា ក្នុងចំណោម៦ប្រទេសនៃជ័យលាភីក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិកក្នុងការអនុវត្តកតិកាសញ្ញាពិភពលោក GCM នោះ ក៏រួមមានទាំងប្រទេសកម្ពុជាផងដែរ។
លោកស្រី ជូ ប៊ុនអេងបានថ្លែងទៀតថា ការទទួលបានជាប្រទេសជ័យលាភី GCM គឺជាការបង្ហាញមួយផ្នែកថា ការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏មានភាពវិជ្ជមានផងដែរ។ គួរបញ្ជាក់ថា ក្រសួងការបរទេសអាមេរិក បានវាយតម្លៃបន្ទាបចំណាត់ថ្នាក់កម្ពុជាក្នុងអំពើប្រយុទ្ធប្រឆាំងការជួញដូរមនុស្សក្នុង ឆ្នាំ២០២១ក្នុងកម្រិតចំណាត់ Tier Two Watch list ដែលជា ចំណាត់ថ្នាក់កម្រិតទាបរយៈពេល៣ឆ្នាំជាប់ៗ គ្នា កន្លងមកនេះ។
លោកស្រី ជូ ប៊ុនអេង បានថ្លែងបន្តថា ប៉ុន្តែការចាត់ទុករបស់អង្គការសហប្រជាជាតិចំពោះ កម្ពុជា ជាជ័យលាភីនៃការអនុវត្តកតិកាសញ្ញា GCM គឺមានន័យថា កម្ពុជានឹងបន្ត ទទួលបានជំនួយពីការអង្គការសហ ប្រជាជាតិក្នុងការគ្រប់គ្រងការងារទេសន្ដរប្រវេសន៍។