ក្រសួងការពារជាតិជប៉ុនស្នើសុំបង្កើនកញ្ចប់ថវិកាជិត៥០ពាន់លានដុល្លារ សម្រាប់ឆ្នាំការចំណាយលើវិស័យយោធាឆ្នាំ២០២២
តូក្យូ៖ ក្រសួងការពារជាតិជប៉ុនបានស្នើសុំកញ្ចប់ថវិកាចំនួន៥.៤ទ្រីលានយ៉េន ឬ ស្មើនឹងប្រមាណ៤៩ពាន់លានដុល្លារ សម្រាប់ឆ្នាំការចំណាយលើវិស័យយោធាឆ្នាំ២០២២ ក្នុងអំឡុងកិច្ចប្រជុំតាមអនឡាញមួយនៅថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។
សំណើសុំកញ្ចប់ថវិកាខាងលើនេះ នឹងកើនឡើងលើសចំនួនកំណត់ត្រា៥.៣ទ្រីលានយ៉េន ដែលបានបម្រុងទុកសម្រាប់ការចំណាយក្នុងឆ្នាំ២០២១ ដែលបានកើនឡើង១០ឆ្នាំជាប់គ្នា។ សំណើនេះរួមបញ្ចូលទឹកប្រាក់៩២លានដុល្លារ ដើម្បីទិញនាវាពីរគ្រឿងដើម្បីដឹកជញ្ជូនការផ្គត់ផ្គង់ និងបុគ្គលិកទៅកាន់កោះភាគនិរតីដាច់ស្រយាល ចំពេលមានវត្តមានកើនឡើងនៃកងទ័ពជើងទឹករបស់ចិន។
ការបង្កើនកញ្ចប់ថវិកានេះទៀតសោត ត្រូវបានធ្វើឡើងក្នុងគោលបំណងជារួម ដើម្បីពង្រឹងសមត្ថភាពយោធារបស់ខ្លួននៅក្នុងវិស័យដទៃទៀត និងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ សំដៅឆ្លើយតបទៅនឹងវត្តមានយោធារបស់ចិនក្នុងតំបន់។ ទន្ទឹមនេះ ក្រុមអ្នកជំនាញក៏បានព្រមានផងដែរថា ជប៉ុននឹងដើរថយក្រោយក្នុងវិស័យបច្ចេកវិទ្យាយោធាទំនើប លុះត្រាតែប្រទេសនេះបែងចែកថវិកាបន្ថែមដើម្បីស្រាវជ្រាវនិងការអភិវឌ្ឍន៍៕ ប្រភព៖ Asia Nikkei និង NHK


